រដ្ឋមន្ត្រីបរិស្ថាន៖ អាជ្ញាធរមូលដ្ឋានមានកាតព្វកិច្ច ចូលរួមការពារដីរដ្ឋពីការទន្ទ្រានកាន់កាប់ដោយខុសច្បាប់

AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២០–

នៅក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តស្ទឹងត្រែង កាលពីថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្ត ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា អាជ្ញាធរមូលដ្ឋានមានកាតព្វកិច្ចចូលរួមការពារដីរដ្ឋ ពីការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ និងមានតួនាទីទទួលខុសត្រូវលើកិច្ចការពារ និង អភិរក្សធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា កិច្ចប្រជុំស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋនៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តស្ទឹងត្រែងនោះ មានការចូលរួមពីអាជ្ញាធរខេត្ត ស្រុក ឃុំ ស្ថាប័នពាក់ព័ន្ធនៃខេត្តស្ទឹងត្រែង និងសមាជិកគណៈកម្មាធិការទី៣ របស់ព្រឹទ្ធសភា និងរដ្ឋសភាចូលរួមផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងគោលការណ៍ច្បាស់លាស់ពីរាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ហើយអាជ្ញាធរឃុំ ស្រុកនេះហើយដែលជាអ្នកអនុវត្តន៍ច្បាប់ដោយមិនចាំបាច់រង់ចាំក្រសួងស្ថាប័នណាមួយឡើយ ។ សូមកុំគិតថា បទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្ររបស់ខ្លួនជាសមត្ថកិច្ច ដោយឡែករបស់ក្រសួងស្ថាប័នណាមួយ តែជាការទទួលខុសត្រូវរបស់អាជ្ញាធរផ្ទាល់ និងការពារអភិរក្សដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនយើង។

ជាមួយការថ្លែងអំណរគុណដល់គ្រប់សមត្ថកិច្ចទាំងអស់ ដែលបានសហការគ្នាបានយ៉ាងល្អនាពេលកន្លងមក ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចជាការកាប់ឈើ ការបរបាញ់សត្វ ការកាប់រាន ដុត ឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃ ឯកឧត្តម សាយ សំអាល់ បានជំរុញអាជ្ញាធរឃុំ ស្រុកបន្តចាត់វិធានការផ្លូវច្បាប់ទៅលើ ក្រុមជនខិលខូចដែលបន្តប្រព្រឹត្តបទល្មើស និងចូលរួមសហការជាមួយមន្ត្រីជំនាញដើម្បីទប់ស្កាត់ និងបង្ក្រាបប្រកបដោយប្រសិទ្ធភាពលើបទល្មើសដែលកើតមានជាពិសេសបទល្មើសកាប់រាន ដុតឆ្ការ ទន្ទ្រាកាន់កាប់ដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិនានាក្នុងខេត្តស្ទឹងត្រែង។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការការពរ និងអភិរក្សធនធានធម្មជាតិបានល្អប្រសើរ រហូតមកទល់ពេលនេះ បទល្មើសធនធានធម្មជាតិទ្រង់ ទ្រាយធំលែងមានទៀតហើយ តែនៅសល់បទល្មើសទ្រង់ទ្រាយតូចៗដែលសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចាំបាច់ត្រូវបន្តសហការគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព ដើម្បីនិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិ។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានលើកឡើងពីបញ្ហាប្រឈមនានាក្នុងការងារគ្រប់គ្រងតំបន់ការពារធម្មជាតិទាំង ៦កន្លែង ជាពិសេសការកាប់ទន្ទ្រានរានដីធ្វើជាកម្មសិទ្ធិនៅក្នុងដែនជម្រកសត្វព្រៃ, ព្រៃឡង់, ដែនជម្រកសត្វព្រៃសៀមប៉ាង, ឧទ្យានជាតិសៀមប៉ាង, វើនសៃ, និងរបៀងអភិរក្សជីវៈចម្រុះឦសាន។ យោងតាមមន្ត្រីជំនាញបទល្មើសទន្ទ្រានដីរដ្ឋនៅក្នុងស្រុកឋាឡាបរិវ៉ាត់ មានការកើតឡើងច្រើន និងរហូតដល់មានការយកដីរដ្ឋពុះជាឡូតិ៍លក់ ហើយតាមការស្រាវជ្រាវបង្ហាញថា អាជ្ញាធរ

មូលដ្ឋានមានទាំងមេភូមិ និងមេឃុំ មានការពាក់ព័ន្ធលើការចុះហត្ថលេខាទទួលស្គាល់ដីទន្ទ្រានកាន់កាប់ខុសច្បាប់ថែមទៀតផង។ ទង្វើនេះជាការផ្ទុយនឹងច្បាប់ដែលអ្នកពាក់ព័ន្ធនានាបាននិងកំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា សូមអាជ្ញាធរឃុំ ស្រុកត្រូវញែកឱ្យដាច់រវាងការឆ្វៀលដីភូមិដ្ឋានចាស់ដែលពលរដ្ឋរស់នៅស្របតាមគោលការណ៍ស្បែកខ្លា និងការស្នើសុំកាត់ឆ្វៀលដីដែលបានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់។ ឯកឧត្តមបានព្រមានទុកជាមុនថា ករណីស្នើសុំកាត់ឆ្វៀលដីដែលបានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ជាទង្វើខុសច្បាប់ ហើយត្រូវប្រឈមមុខច្បាប់។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានផ្តល់ជាគំនិតដល់អាជ្ញាធរក្នុងការគិតគូរជាមួយប្រជាសហគមន៍ បង្កើតជម្រើសមុខរបរថ្មីដូចជាការចិញ្ចឹមសត្វ និងដំណាំកសិកម្មផ្សេងៗក្រៅពីមុខរបរប្រពៃណីដកហូតអនុផលព្រៃឈើ ការទន្ទ្រានដីធ្វើចម្ការពនេចរ ហើយក្រសួងបរិស្ថានត្រៀមខ្លួនជួយទាំងបច្ចេក ទេស និងថវិកា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះគម្រោង ស្រូវត្រយ៉ងដែលអនុវត្តន៍ដោយអង្គការជីវិតសត្វស្លាបអន្តរជាតិ ជាមួយប្រជាពលរដ្ឋនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងទិសដៅផ្សាភ្ជាប់រវាងការអភិរក្ស និងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ដោយបញ្ឈប់មុខរបរបរបាញ់សត្វព្រៃ កាប់ឈើ និងការទន្ទ្រានដីព្រៃរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។ ខ្ញុំពិតជាកោតសរសើរចំពោះក្រុមគ្រួសារដែលបានបញ្ឈប់ការប្រកបមុខរបរចូលព្រៃកាប់ឈើ បរបាញ់សត្វ និងការទន្ទ្រានដីព្រៃ ហើយងាកមកប្រកបរបរផលិតស្រូវសរីរាង្គដែលមានទីផ្សារ និងលក់ក្នុងតម្លៃខ្ពស់។ នេះគឺជាការបញ្ជាក់ពីការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋចំពោះបរិស្ថាន និងធនធានធម្មជាតិ និងបានឃើញច្បាស់ពីការប្រែប្រួលជីវ ភាពកាន់តែរីកចម្រើន។ នេះហើយជាអ្វីដែលយើងត្រូវធ្វើ និងបង្កើតសកម្មភាពជួយប្រជាសហគមន៍។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានដាក់បញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធកំណត់អត្តសញ្ញាណអ្នកប្រកបរបរកាប់ឈើ និងបរបាញ់សត្វដើម្បីធ្វើការអប់រំណែនាំ និងមានគម្រោងប្រែក្លាយពួកគាត់ពីអ្នកបំផ្លាញធនធានធម្មជាតិ មកជាអ្នកចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ជា មួយមន្ត្រីជំនាញវិញ ដោយបង្កើតមុខរបរ និងផ្តល់ចំណូលជូនគាត់៕ ដោយ៖ពេជ្រ ណារិទ្ធ