សម្តេចចៅហ្វា​វាំង គង់ សំអុល នាំយក​ព្រះរាជ​អំណោយ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​គ្រោះធម្មជាតិ នៅ​ស្រុក​ទឹកឈូ​

AKP កំពត ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០
​នៅ​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០​នេះ សម្តេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹ​ង្កា​រ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង តំណាង​ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​អញ្ជើញ​នាំយក​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី ទៅ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ ចំនួន​៣៣​គ្រួសារ នៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ដោយ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត រួម​ថ្នាក់ដឹកនាំ​ខេត្ត អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

​ព្រះរាជ​អំណោយ​របស់​ព្រះអង្គ​ទាំង​ទ្វេ បាន​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ គ្រោះធម្មជាតិ​ទាំងនោះ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ ៥០​គីឡូក្រាម និង​ឃី​ត​១​កញ្ចប់ ក្នុងនោះ​មាន មុង​១ ភួយ​១ សារុង​១ និង​ក្រមា​១ មី​១​កេស ត្រីខ​១០​កំប៉ុង កៅស៊ូ​តង់​១​ផ្ទាំង សាប៊ូ​៥​ដុំ អាវយឺត​១ និង​ថវិកា​ចំនួន​៨០​ម៉ឺន​រៀល​សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ​ធ្ងន់ធ្ងរ​ចំនួន​០៥​គ្រួសារ និង​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល​សម្រាប់​ប្រជាពលរដ្ឋ​រង គ្រោះ​ស្រាល និង​មធ្យម​ចំនួន​២៨​គ្រួសារ​៕ ដោយ ប្រាក់ លាង​