ខេត្តសៀមរាប និងព្រៃវែងឈ្នះគូប្រកួត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

AKP ភ្នំពេញ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០–

ក្រុមខេត្តសៀមរាបបានយកឈ្នះក្រុមខេត្តកណ្តាល ដោ​យ​ល​ទ្ធ​ផ​ល ៣ទល់១ ខណៈក្រុមខេត្តព្រៃវែងយកឈ្នះខេត្តកោះកុង ដោយលទ្ធផល ៥ទល់១ នៅក្នុងការ​ប្រ​កួ​ត​ប្រ​ជែង​នៅវ​គ្គ​១​/៤ផ្តាច់ព្រ័ត្រ ជើងទី១ ថ្នាក់ខេត្ត ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ រដូវកាល ២០២០។

នៅក្នុងការប្រកួតវគ្គទី១ ខេត្តសៀមរាបបានបើកការនាំមុខលើខេត្តកណ្តាល ១ទល់០ ហើ​យ​ចូ​ល​ដ​ល់​វគ្គទី២ ក្រុម​ខេត្តសៀមរាបធ្វើសម្រេចបាន២គ្រាប់បន្ថែម ដោយចប់ការប្រកួតខេត្តសៀ​មរា​បយកឈ្នះ ដោ​យល​ទ្ធផ​ល​ប​ច្ចេ​ក​ទេ​ស ៣ទល់១។ ចំពោះ១ប្រកួត ខេត្តព្រៃវែង ក៏បានបើកការនាំមុខ ១ទល់០ ដែរ សម្រា​ប់ការបញ្ចប់វគ្គទី១ ហើ​យ​នៅ​វ​គ្គទី២ ខេត្តព្រៃវែងធ្វើសម្រេចបាន៤គ្រាប់បន្ថែម ស្របពេ​លដែ​ល​ខេ​ត្ត​កោះ​កុ​ងតាមបាន១គ្រាប់ ដែលចប់ការប្រ​កួ​ត​ផ្លូ​វ​ការ គឺខេត្តព្រៃវែង ឈ្នះខេត្តកោះកុង ៥ទល់១។

ដោយឡែកនៅក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយនេះដែរ ថ្ងៃទី១ កក្កដា នេះមាន២ប្រកួតទៀត ដែ​ល​ជា​កា​រ​ជួ​ប​គ្នា​រវាងក្រុមខេត្តកំពង់ស្ពឺប៉ះខេត្តត្បូងឃ្មុំ ស្របពេលដែលខេត្តកែបប៉ះខេត្តកំពង់ឆ្នាំង។ ៤ប្រកួ​ត​នេះ​នឹ​ង​ត្រូ​វ​ប​ន្ត​ជួ​ប​គ្នា​នៅ​ជើងទី២ នាសប្តាហ៍ក្រោយ ដើម្បីកាត់សេចក្តីថាតើ៤ក្រុមខ្លាំងៗណាខ្លះ ដែ​ល​ឡើ​​​ង​ទៅ​កា​ន់​ពា​ក់​ណ្តា​ល​ផ្តា​ច់​ព្រ័​ត្រ។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រថ្នាក់ខេត្ត គឺ៤​ក្រុ​ម​ជ័​យ​លា​ភី​នឹ​ង​ត្រូ​វ​ឡើ​ង​ទៅ​ប្រ​កួតថ្នាក់ជាតិជាមួយ១២ក្រុម ដែលកំពុងឈរជើងនៅក្នុងក្របខ័ណ្ឌលីគកំពូល រដូវកាល ២០២០ នាពេ​លខាងមុខ ដោយក្រុមទាំង១៦ថ្នាក់ជាតិ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន​នឹ​ង​ត្រូ​វ​ចា​ប់​ឆ្នោ​ត​ចែ​ក​ពូ​ល​ជាថ្មីពីគណៈកម្មការបាល់ទាត់ជាតិកម្ពុជា នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕ ដោយ៖ ហេង ណាលីន