ការងារសំខាន់ៗជាយុទ្ធសាស្រ្ត ត្រៀមឆ្លងថ្នាក់ដឹកនាំ ស៊ីហ្គេម ២០២៣

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) អះអាងថា ការងារសំខាន់ៗជាយុទ្ធសាស្រ្តចំនួន៤បានយកមកពិភាក្សាសម្រេច ដើម្បីត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងប្រាប់ក្រោយកិច្ចប្រជុំថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ ផ្ដោតលើរបាយការណ៍ការងារ ដែលត្រៀមស្នើសុំការអនុម័តពីថ្នាក់ដឹកនាំ និងស្វែងរកនូវធាតុចូលថ្មីៗបន្ថែមទៀត នៅក្នុងកិច្ចប្រជុំប្រចាំឆមាសរបស់ CAMSOC នាថ្ងៃទី០២ ខែកក្កដាឆ្នាំ២០២០ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីឈា​​នទៅរកភាពជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា។

«ការងារដែលត្រៀមដាក់ឆ្លងថ្នាក់ដឹកមាំ CAMSOC នាថ្ងៃទី២នេះ មាន ទី១-របាយការណ៍ការងារសម្រា​​ប់ឆមាសទី១ និងបញ្ហាមួយចំនួនពាក់ព័ន្ធគណៈកម្មការផ្សេងៗទៀត ដែលយើងបានធ្វើ និងបន្ដធ្វើទៀត ។ ទី២-ស្នើសុំការអនុម័តសម្រេច LOGO, Mascot និងបាវចនាស៊ីហ្គេម ។ ទី៣-ស្នើសុំកិច្ចសហការពីអាជ្ញាធររា​ជ​ធានី-ខេត្ត ក្នុងការផ្សព្វផ្សាយស៊ីហ្គេម ដើម្បីបំផុស ចលនាកីឡាទៅកាន់មហាជន ឱ្យមានការចាប់អា​រម្មណ៍ និងគាំទ្រ ។ ទី៤-ការកំណត់កាលបរិច្ឆេទរៀបចំ ASEAN Para Games លើកទី១២ បន្ទាប់ពីចប់ស៊ីហ្កេ​ម លើកទី៣២…។»

អគ្គលេខាធិការដដែលបន្ថែមថា ក្រៅពីស្នើរសុំការអនុម័យពីថ្នាក់ដឹកនាំ និងស្វែងរកនូវធាតុថ្មីៗបន្ថែ​ម កិច្ចប្រជុំក៏បានជជែកពីការត្រៀមលក្ខណៈសម្បត្តិចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀ​តណាម ដែលជាស៊ីហ្គេមយុទ្ធសាស្ដ្រ ត្រៀមទទួលតំណែងម្ចាស់ផ្ទះផងដែរ ។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣បានបើកកិច្ចប្រជុំជជែកពិភាក្សាជាង ១ខែកន្លងមក ដើម្បីឈានទៅរកភាពជោគជ័យ ក្នុងការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ដែលនៅសល់ពេលវេលាប្រមាណ ១,០៤០ថ្ងៃទៀត ៕ ដោយយ៖ ហេង ណាលីន