រដ្ឋលេខាធិការក្រសួងបរិស្ថាន ជួបសំណេះសំណាល ជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងមន្រ្តីឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃស្រែពក

AKP មណ្ឌលគិរី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០–

នាព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ម៉ុម ថានី រដ្ឋលេខា ធិការក្រសួងបរិស្ថាន បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយស្តីពីវិធីបង្ការ និងលុបបំបាត់ជំងឺគ្រុនចាញ់ជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងមន្រ្តីឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃស្រែពក។ ពិធីនេះក៏មានការចូលរួមពីសំណាក់លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី អង្គការដៃគូ WWF គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ និងមន្រ្តីឧទ្យានុរក្ស រួមទាំង គណៈប្រតិភូនៃក្រសួងបរិស្ថានជាច្រើនរូប ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការត្រពាំងត្រាច នៃដែនជម្រកសត្វព្រៃស្រែពក ក្នុងស្រុកកោះញែក ។

លោកជំទាវ ម៉ុម ថានី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលតែងតែគិតគូរពីសុខុមាលភាពរបស់មន្រ្តីឧទ្យានុរក្ស និងបងប្អូនប្រជាសហគមន៍ទាំងអស់ ដែលកំពុងបំពេញភារកិច្ច ការពារធនធានធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរី។ លោកជំទាវ ក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជំនាញ និងអង្គការដៃគូនានា ដែលបានយកចិត្តទុកដាក់សហការគ្នាយ៉ាងសកម្ម ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅខេត្តមណ្ឌលគិរីបានល្អប្រសើរ។

លោកជំទាវ បានបញ្ជាក់ថា ការធ្វើកម្មវិធីនាពេលនេះ ដើម្បីធ្វើការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងដល់សហគមន៍តំបន់ការពារធម្មជាតិ និងមន្រ្តីឧទ្យានុរក្ស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ទាំងស្រុងនូវជំងឺគ្រុនចាញ់ពីប្រទេសកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០២១-២០២៥ របស់ក្រសួងសុខាភិបាល។ លោកជំទាវ បានក្រើនរម្លឹកបន្ថែមដល់បងប្អូនប្រជាសហគមន៍ និងមន្រ្តីឧទ្យានុរក្សទាំងអស់ សំដៅធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជន និងរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍មូលដ្ឋាន ហើយក៏ត្រូវរួមគ្នាការពារ ទប់ស្កាត់ ការកាប់ទន្រ្ទានយកដីរដ្ឋ ការបរបាញ់សត្វព្រៃ ជាដើម។

លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការរៀបចំពិធីសំណេះសំណាលនាពេលនេះ គឺជាការឆ្លុះបញ្ចាំងអំពីការគិតគូរ និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួង ដែលមានឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធទាំងអស់។ លោក អភិបាលរងខេត្ត បានបញ្ជាក់បន្ថែមដល់ប្រជាសហគមន៍ និងមន្រ្តីឧទ្យានុរក្សទាំងអស់ ជាមួយនឹងការលុបបំបាត់ជំងឺគ្រុនចាញ់របស់រាជរដ្ឋាភិបាលកម្ពុជា យើងទាំងអស់គ្នានៅមានការប្រឈមជាមួយនឹងជំងឺឆ្លងកូវីដ-១៩នេះ ហើយក៏សូមពញ្ញាក់ស្មារតីដល់ប្រជាពល រដ្ឋទាំងអស់ ត្រូវបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺប្រភេទថ្មីនេះ។

នាឱកាសនោះ លោកជំទាវ ម៉ុម ថានី និងថ្នាក់ដឹកនាំខេត្ត បានផ្តល់មុងជ្រលក់ថ្នាំ ថ្នាំព្រូន និងអាល់ប៊ែត ជូនដល់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ និងមន្រ្តីឧទ្យានុរក្សផងដែរ៕ ដោយ៖ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)