ឯកឧត្តម វេង សាខុន អញ្ជើញចូលរួមក្នុងទិវាពិភពលោក ប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០

AKP ព្រះវិហារ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី “ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០” ដែលបានប្រារព្ធនៅភូមិកំពត ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និសិ្សត និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ផងដែរ ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងអំពីការចូលរួមយ៉ាងសកម្មក្នុងការផលិតស្បៀង បង្កើនបរិមាណ និងគុណភាព ធានាឱ្យបាននូវការផ្គត់ផ្គង់ក្នុងមូលដ្ឋានរបស់ខេត្ត តាមរយ:ការធ្វើពិពិធកម្មកសិកម្ម ការបង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដែលមានស្រាប់ ដោយគិតគូរយកចិត្តទុកដាក់ការពារ ថែរក្សា និងបង្កើនគុណភាពដីឱ្យបានសមស្របតាមប្រភេទដំណាំ និងរដូវដាំដុះ។ ធ្វើយ៉ាងណាសម្របទៅនឹងការប្រែប្រួលអាកាសធាតុ និងចំនួនប្រជាពលរដ្ឋដែលមានការកើនឡើងជាលំដាប់ សមដូចដែលប្រធានបទនៃពិធីនាថ្ងៃនេះបានលើកឡើង ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តថា ក្រៅពីផលិតកម្មស្បៀងដែលខេត្តសម្រេចបាន ខេត្តព្រះវិហារក៏នៅមានតំបន់ទេសចរណ៍ធម្មជាតិ និងបេតិកភណ្ឌប្រវត្តិសាស្រ្តរបស់មនុស្សជាតិ និងជាដួងព្រលឹងជាតិខ្មែរ ជាច្រើនសម្រាប់បម្រើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរមកទស្សនាកម្សាន្ត ហើយដែលជាប្រភពចំណូលមិនចេះរីងស្ងួតទាំងសម្រាប់គ្រួសារប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ និងសេដ្ឋកិច្ចជាតិ ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត តាមរយ:ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យ វិស័យឯកជនមកសិក្សាពីលទ្ធភាព ធ្វើការវិនិយោគលើវិស័យកសិកម្មក្នុងខេត្តព្រះវិហារ ដែលមានសក្តានុពលក្នុងការពង្រីកផលិតភាពផលិតកម្ម ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។

ឯកឧត្តម វេង សាខុន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់រដ្ឋបាលខេត្តព្រះវិហារ និងភាគីពាក់ព័ន្ធ ចូលរួមសហការគ្នាជាមួយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ រៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើងដោយរលូន ក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០ ក្រោមប្រធានបទ “ ការផលិត និងប្រើប្រាស់ ស្បៀងអាហារ ចំណីសត្វ និងសរសៃអំបោះ ប្រកបដោយនិរន្តរភាព ”។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរម្លឹកដែរថា ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម ឬការធ្លាក់ចុះគុណភាពដី តែងតែប្រារព្ធធ្វើជាសកលរៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩៥ រៀងរហូតមក ក្នុងគោលបំណងបង្កើនចំណាប់អារម្មណ៍របស់មនុស្សជាតិអំពីមូលហេតុចម្បងដែលបង្កឱ្យមានបញ្ហាធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួត ព្រមទាំងផលវិបាកផ្សេងៗ ដែលជះឥទ្ធិពលមកលើជីវិតសត្វលោកនៅលើភពផែនដី និងជីវភាពរបស់កសិករនៅតំបន់ជនបទ ដែលពឹងអាស្រ័យលើការងារកសិកម្ម ។ ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសឱ្យយើងរួមគ្នាគិត និងដំណោះស្រាយបញ្ហានៃការធ្លាក់ចុះគុណភាពដី ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវសុខុមាលភាព និងសុខភាពរបស់ដី ដែលជាធនធានដ៏ចាំបាច់មិនអាចខ្វះបានក្នុងវិស័យកសិកម្ម ។ ម្យ៉ាងទៀត ចំនួនប្រជាជននៅលើពិភពលោកបន្តកើនឡើងធ្វើឱ្យមានតម្រូវការដីកសិកម្មដើម្បីផលិតស្បៀងអាហារ ចំណីសត្វ និងសរសៃអំបោះ ក៏មានការកើនឡើងរហូតមកដល់ ៧០ភាគរយ នាពេលបច្ចុប្បន្ន ដែលដាក់សម្ពាធយ៉ាងធ្ងន់លើផលិតភាព និងនិរន្តរភាពនៃធនធានដី ក៏ដូចជាការធានាសន្តិសុខស្បៀង ការកាត់បន្ថយ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ពិធីនាពេលនេះមានចេតនាជំរុញ បង្កើនសកម្មភាព និងយុទ្ធ នាការជាសកលសំដៅបង្កើនចំណាប់អារម្មណ៍របស់សាធារណជន ទាក់ទងនឹងការផលិត បរិភោគ ស្លៀកពាក់ និងរស់នៅ ដែលសុទ្ធតែមានឥទ្ធិពលប៉ះពាល់ជាអវិជ្ជមានដល់ធនធានដី។ ការធ្លាក់ចុះគុណភាពដីដែលនាំឱ្យមានការថយចុះ ឬបាត់ផលិតភាពសេដ្ឋកិច្ចនៃដីស្រែ ចម្ការ វាលស្មៅ និងព្រៃឈើ ជាដើម។ បញ្ហាទាំងអស់នេះ បានធ្វើឱ្យជីវិតមនុស្សជាង ២៥០លាននាក់ បាននិងកំពុងទទួលរងនូវផលប៉ះពាល់តាមរយ:ការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ច ប៉ះពាល់ដល់សកម្មភាពសង្គម និងបរិស្ថាន ដែលវិបត្តិទាំងអស់នេះបានទាក់ទាញចំណាប់អារម្ម ណ៍ពីសហគមន៍ជាតិ និងអន្តរជាតិ ឱ្យងាកមកគិតគូរ ដោះស្រាយបញ្ហានេះឱ្យបានគ្រប់ជ្រុងជ្រោយ ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ តាមរយ:ធ្វើការសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្រ្ត ការដាំឈើឡើងវិញដើម្បីទប់ស្កាត់ការហូរច្រោះគុណភាពដីស្រទាប់ខាងលើ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ឈើដាំជំនួសឈើធម្មជាតិ ការរក្សាជីវ ចម្រុះ ការដាំដំណាំឆ្លាស់ ការកាត់បន្ថយការប្រើថ្នាំ និងជីកសិកម្ម ការកាយរុករករ៉ែ ការគ្រប់ គ្រង និងប្រើប្រាស់ទឹកមិនបានត្រឹមត្រូវ ការឈួសឆាយដីព្រៃដោយមិនធ្វើការដាំដុះឈើ ឬដំណាំឡើងវិញ និងការទុកដីកសិកម្មទំនេរចោល ។ល។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា ដីគឺជាជីវិតមនុស្ស សត្វ និងរុក្ខជាតិ មានដីប្រកបដោយគុណភាព ទើបការអភិវឌ្ឍវិស័យកសិកម្មមានចីរភាព និងនិរន្តរភាព ធានាបានសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយ និងការបន្ស៊ាំទៅនឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ការរក្សាធនធានទឹក និងថាមពល ការជំរុញកំណើនប្រកបដោយបរិយាប័ន្ន ៕ ដោយ៖ទិត ស្រ៊