កិច្ចប្រជុំពិភាក្សារៀបចំ កែលម្អទិន្នន័យផែនទីផ្លូវថ្នល់ និងការបោះ​បង្គោលលេខគីឡូម៉ែត្រដែលមានស្រាប់

AKP ភ្នំពេញ ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០–

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំកែលម្អទិន្នន័យផែនទីផ្លូវថ្នល់ និងការបោះ​បង្គោល​លេខ​គីឡូម៉ែត្រដែលមានស្រាប់ កាលពីថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និង​ដឹកជញ្ជូន ដោយមានការចូលរួមពីមន្ត្រីនៃអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង រួមមាន៖ អគ្គនាយកដ្ឋានបច្ចេកទេស, អគ្គនាយកដ្ឋានផែនការ និងនាយកដ្ឋានផ្លូវថ្នល់ ដើម្បីប្រមូលធាតុចូល និងទិន្នន័យ សំដៅសម្រួលដល់ការគ្រប់គ្រងផ្លូវថ្នល់បានកាន់តែល្អប្រសើរ។

នៅក្នុង​ឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងនៅទូទាំងប្រទេស សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវគំនូសសញ្ញាបង្គោលគីឡូម៉ែត្រនៃបណ្តាញផ្លូវជាតិសំខាន់ៗ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួលថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់ផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្រឱ្យនៅកម្រិតទាប។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមជំនាញបច្ចេកទេសក្រសួងធ្វើការសិក្សាលម្អិតទាក់ទងនឹងការដាក់លេខបង្គោលគីឡូម៉ែត្រទៅតាមស្តង់ដារតាមប្រព័ន្ធបច្ចេកវិទ្យាប្រកបដោយភាពច្បាស់លាស់ និងភាពជាក់ស្តែង ដើម្បីអាចដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ២០២០នេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ក្រើនរម្លឹកឱ្យអ្នកបញ្ជាយានយន្តគ្រប់ប្រភេទ លើដងផ្លូវសាធារណៈមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសញ្ញាចរាចរណ៍ បញ្ជាយានយន្តរបស់ខ្លួនទៅតាមល្បឿនដែលច្បាប់បានកំណត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ៕ ដោយ៖ទេស ច័ន្ទសុធារី