សត្វស្វាត្រោស១ក្បាល ត្រូវបានលែងចូល ទៅរស់នៅក្នុងព្រៃធម្មជាតិវិញ

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២០–

លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិ ស្ថាននៅថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចូលរួមលែងសត្វស្វាត្រោសចំនួន១ក្បាល ឱ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា។

ប្រភពពីក្រសួងបរិស្ថានបានឱ្សដឹងបន្តថា សត្វស្វាត្រោស១ក្បាលនេះ ត្រូវបានក្រុមការងារអនុវត្តន៍ច្បាប់ចល័តនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលយកបានពីលោកជឹម ផន្នី ជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ខណៈលោកជួយសង្រ្គោះបានពីការតាមប្រមាញ់ហើយបានទំនាក់ទំនងទៅកាន់មន្រ្តីបរិស្ថានខេត្តមណ្ឌលគិរី ឱ្យមកទទួល ដើម្បីការពារ អភិរក្ស ថែទាំសុខភាព និងលែងឱ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងអំណរគុណដល់មន្រ្តីឧទ្យានុរក្ស ដែលបានសហការជាមួយមន្រ្តីល្បាតនៃអង្គការ WWF ដែលបានខិតខំការពារ និងអភិរក្សធនធានធម្មជាតិសម្រាប់មនុស្សគ្រប់ជំនាន់ ជាពិសេសបានអប់រំចំណេះដឹងបរិស្ថាន និងបានចូលរួមថែទាំសុខភាពសត្វព្រៃ ដែលដកហូតបានពីបទល្មើសធនធានធម្មជាតិ និងទទួលបានពីប្រជាពលរដ្ឋប្រគល់ជូនដោយស្ម័គ្រចិត្ត ដើម្បីលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។

លោកជំទាវ ម៉ុម ថានី ក៏បានលើកទឹកចិត្តផងដែរឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការអភិរក្សសត្វព្រៃ ដើម្បីរក្សាការពារ និងបន្តពូជពង្សកូនសម្រាប់ឱ្យមនុស្សជំនាន់ក្រោយបានឃើញ និងស្គាល់៕ ដោយ៖ពេជ្រ ណារិទ្ធ