អភិបាលរងខេត្ត ចុះពិនិត្យការជួយសាងសង់ ទប់ច្រាំងទន្លេនៅស្រុកខ្សាច់កណ្ដាល

AKP កណ្ដាល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០–

នាថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានដឹកនាំក្រុមការងារខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកខ្សាច់កណ្ដាល បានធ្វើការពិនិត្យទីតាំងផ្ទាល់ នៅតាមច្រាំងទន្លេ ដែលគណៈគ្រប់គ្រងសាលា និងគណៈកម្មការគ្រប់គ្រងវត្ត បានធ្វើការស្នើសុំសាងសង់ទប់ច្រាំងទន្លេ។

ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្ដម នៃ ចារី បានធ្វើការពន្យល់ ដល់ព្រះសង្ឃ លោកតាអាចារ្យ និងគណៈកម្មការវត្ត ពីអត្ថប្រយោជន៍ នៃការទប់ច្រាំងទន្លេ។ ក្នុងឱកាសនោះ លោកតាអាចារ្យ និងគណៈកម្មការវត្ត បានស្នើសុំដល់ក្រុមហ៊ុន ធ្វើផ្លូវនៅស្របតាមមាត់ទន្លេ និងផ្លូវសម្រាប់ប្រជានេសាទចេញចូល ហើយឱ្យរដ្ឋជាអ្នកគ្រប់គ្រង។

ឯកឧត្ដមអភិបាលរងខេត្ត បានឯកភាពតាមការស្នើសុំរបស់លោកតាអាចារ្យ និងគណៈកម្មការវត្ត ហើយឯកឧត្ដមបានស្នើឱ្យធ្វើការបោះបង្គោលព្រំ និងកែគំនូសប្លង់ឡើងវិញឱ្យបានច្បាស់លាស់។ អាជ្ញាធរស្រុក ឃុំ ត្រូវធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងគណៈកម្មការវត្ត ដើម្បីធ្វើការពន្យល់ និងបកស្រាយឱ្យបានច្បាស់លាស់ ពីគម្រោងនៃការសាងសង់ទប់ច្រាំងទន្លេនេះ ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)