អភិបាលខេត្តកំពត និងអ្នកជំនាញផ្នែកច្បាប់ ជំរុញឱ្យអាជ្ញាធរចូលរួមផ្ដល់យោបល់ លើសេចក្ដីព្រាងច្បាប់ ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ

AKP កំពត ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

អភិបាលខេត្តកំពត និងអ្នកជំនាញផ្នែកច្បាប់ បានជំរុញឱ្យអាជ្ញាធរ ក្រុង ស្រុក មន្ទីរ អង្គភាព សមត្ថកិច្ចជំនាញ ពាក់ព័ន្ធ ចូលរួមពិនិត្យ និងផ្តល់មតិយោបល់ ឬប្រមូលធាតុចូល តម្រូវលើសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់នៅពេលយកទៅអនុវត្តជាក់ស្តែងតាមដែនសមត្ថកិច្ច របស់ខ្លួន។

នេះជាប្រសាសន៍របស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត នៅក្នុងកិច្ចប្រជុំ ស្ដីពីការពិនិត្យ និងចូលរួមផ្ដល់យោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពី សណ្ដាប់ធ្នាប់សាធារណៈ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ឯកឧត្តម ជាវ តាយ បានលើកឡើងថា បញ្ហាសណ្ដាប់ធ្នាប់សាធារណៈសង្គម គឺជាបញ្ហាសំខាន់សម្រាប់អាជ្ញាធរ និងសមត្ថកិច្ចដែលជាអ្នកអនុវត្តន៍ច្បាប់ផ្ទាល់ ពិសេសរដ្ឋបាល ក្រុង ស្រុក និងឃុំសង្កាត់ ក្នុងគោលបំណង ធានាការគ្រង់គ្រង សណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយ  រក្សាសោភណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ផងដែរថា ដើម្បីធ្វើឱ្យប្រសើរឡើង លើសេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ មន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរ ក្រុង ស្រុក កងកម្លាំង សមត្ថកិច្ចជំនាញ និងអ្នកពាក់ព័ន្ធ ត្រូវចូលរួមពិនិត្យផ្ដល់យោបល់ ក្នុងករណីយល់ថា សេចក្តីព្រាងច្បាប់នេះ នៅខ្វះចន្លោះ រឹតបន្តឹងពេក ឬធូររលុងពេក ត្រូវបន្ថែមបន្ថយត្រង់ចំណុច ឬមាត្រាណាមួយ ដើម្បីឱ្យច្បាប់ថ្មីនេះ ស៊ីគ្នាទៅនឹង ស្ថានភាពជាក់ស្ដែង ដែលបានជួបប្រទះក្នុងការអនុវត្តនៅក្នុងមូលដ្ឋាន និងតាមជំនាញ នៃដែនសមត្ថកិច្ចរបស់ខ្លួនកន្លងមក ហើយមតិយោបល់ឬការកែតម្រូវ និងការបំពេញ បន្ថែមត្រូវធ្វើឱ្យបាននៅមុនថ្ងៃទី១០ ខែកក្កដាឆ្នាំ ២០២០ខាងមុខ ដើម្បីដាក់ ជូនរាជរដ្ឋាភិបាល។

ដោយឡែក ព្រះរាជអាជ្ញាអមតុលាខេត្តកំពត លោក ឯក ឆេងហួត ក៏បានលើក ឡើងដែរថា សេរីភាព និងសណ្តាប់ធ្នាប់ត្រូវដើរទន្ទឹមគ្នា មិនអាចខ្វះខាងណាបានទេ ដូច្នេះសូមឱ្យអាជ្ញាធរ និង សមត្ថកិច្ច មន្ទីរ អង្គភាពជំនាញទាំងអស់ចូលរួមជាមតិ យោបល់បន្ថែមតាមភាពជាក់ស្តែង ដែលបានជួបប្រទះនៅក្នុងមូលដ្ឋាន ឬក្នុងកិច្ចការងារ របស់ខ្លួន។

សូមជម្រាបផងដែរថា សេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈនេះ មានចំនួន ៨ជំពូក និង៤៨មាត្រា  ក្រោយពីដាក់ឆ្លងរាជរដ្ឋាភិបាល និងសភាអនុម័តរួចរាល់ហើយ ច្បាប់នេះនឹងចាប់អនុវត្តន៍ មានវិសាលភាព រាល់សកម្មភាពដែលពាក់ព័ន្ធនឹងសណ្ដាប់ធ្នាប់ សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ ប្រាក់ លាង