ស្ថានទូតសហរដ្ឋអាមេរិកនៅប្រចាំកម្ពុជា គ្រោងបើកមជ្ឈមណ្ឌលផ្តល់ ការប្រឹក្សាពីការអប់រំនៅអាម៉េរិកមួយទៀតក្នុងខេត្តសៀមរាបនាពេលខាងមុខនេះ

AKP សៀមរាប ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បានជួបជាមួយនិសិ្សតកម្ពុជា ចំនួន២០នាក់ នៅខេត្តសៀមរាប។

នៅក្នុងជំនួបនេះ ឯកឧត្តមបានថ្លែងថា ស្ថានទូតសហរដ្ឋអាមេរិកគ្រោងបើកឱ្យ មានមជ្ឈមណ្ឌលផ្តល់ការប្រឹក្សាពីការអប់រំ នៅសហរដ្ឋអាមេរិកមួយទៀតនៅខេត្តសៀមរាប ដែលមានទីតាំងនៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក្នុងគោលបំណងផ្តល់ឱកាស ឱ្យនិសិ្សតនៅក្នុងខេត្តសៀមរាប ដែលមានបំណងទៅសិក្សានៅសហរដ្ឋអាមេរិកអាចមក ទទួលការប្រឹក្សា និងទទួលបានព័ត៌មានថ្មីពី​សាកលវិទ្យាល័យ​នានា​នៅ​​សហរដ្ឋ​អាមេរិក។

ជាមួយគ្នានេះដែរឯកឧត្តម W. Patrick Murphy ក៏បានបង្ហាញពីទំនាក់ ទំនងការ ទូតរវាងអាម៉េរិក និងកម្ពុជា ដោយសហដ្ឋអាមេរិក បានផ្តល់ជំនួយដល់កម្ពុជា ដែលមានតាំង ពីដើមមកលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺផ្លូវជាតិលេខ៤។ ដោយគិតចាប់ តាំងពីទសវត្សរ៍ទី៩០មកទល់ពេលនេះ រដ្ឋាភិបាលអាម៉េរិកបានផ្តល់ជំនួយដល់ ប្រទេសកម្ពុជា ប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។ នៅក្នុងជំនួយទាំងនោះក៏បានផ្តោត ទៅលើ យុវជនផងដែរ។​ ជាមួយគ្នានេះដែរ តាមរយៈក្រសួងការបរទេសអាម៉េរិក ស្ថានទូតបាន ធ្វើការជ្រើសរើសកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងកម្មវិធីផ្លាស់ប្តូរនានាមានដូចជា កម្មវិធីគំនិតផ្តួចផ្តើមយុវជនតំបន់អាស៊ីអគ្នេយ៍( YSEALI) កម្មវិធីទស្សនកិច្ចភាពជាអ្នកដឹកនាំ (IVLP) ផ្តល់អារូបករណ៍ ហ្វុលប្រាយ (Fulbright) និង Humphrey ជាដើម។

សូមបញ្ជាក់ថា ដើម្បី​ជួយ​និស្សិត​កម្ពុជា​នៅ​ក្នុង​ការ​ស្វែងរក​ឱកាស​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ការិយាល័យ​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​អាម៉េរិក ​បាន​បង្កើត​ឱ្យ​មានមជ្ឈមណ្ឌល​ផ្ដល់​ការ​ប្រឹក្សា​ដែល​ស្ថិតនៅ​ក្នុង​​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​នៃ​កម្ពុជា​។ មណ្ឌល​នេះ​មាន​ឯកសារ​ណែនាំ​ស្ដីពី​ការ​សិក្សា ដែល​បាន​មក​ពី​ស្ថាប័ន​សិក្សា និង​សកលវិទ្យាល័យ​នានា ​នៅ​​សហរដ្ឋ​អាមេរិក រួម​ទាំង​សៀវភៅ ស៊ីឌី និង​ធនធាន​ផ្សេង​ៗ​ទៀត ក្នុង​ការ​ជួយ​ឱ្យ​លោក អ្នក ត្រៀម​ក្នុង​ការ​ប្រលង​ភាសា​អង់គ្លេស​ជា​ភាសាបរទេស TOEFL ការ​ប្រលង​ SAT ការ​ប្រលង​ GRE និង GMAT ។

សិស្ស​និស្សិត​ក៏អាច​ចូល​មក​ប្រើប្រាស់​អ៊ីនធឺណិត ដើម្បី​ស្រាវជ្រាវ​រក​ព័ត៌មាន​ អំពី​សាកលវិទ្យាល័យ និង​មហាវិទ្យាល័យ​ នៅ​សហរដ្ឋ​អាមេរិក និង​ព័ត៌មាន​អំពី​ការ​ប្រឡង ព្រមទាំង​ប្រធានបទ​ផ្សេង​ៗទៀត​ដែល​ប្អូន​ៗ​មាន​ការ​ចាប់​អារម្មណ៍។ លើស​ពី​នេះ​ទៅទៀត ប្អូន​ៗ​ក៏អាច​សាកសួរ​អំពី​អាហារូបករណ៍ ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​អាម៉េរិក ដោយ​សាកលវិទ្យាល័យ និងដោយ​​មូលនិធិ​ឯកជន​ផង​ដែរ​៕

ដោយ ឃុត សៅ