អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើ​កទិសដៅ​ការងារខែកក្កដា ឆ្នាំ២០២០

AKP​ ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀ​ប​ចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមិថុនា និងលើ​កទិសដៅការងារខែកក្កដា ឆ្នាំ២០២០ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភា​ពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការ ព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង នៃវិមានព្រឹ​ទ្ធ​សភា ដោយមានការ អញ្ជើញចូលរួមពី ថ្នាក់ដឹកនាំអង្គភាព ចំណុះអគ្គលេខាធិការដ្ឋានព្រឹ​ទ្ធ​ស​ភា ​ចាប់ពីប្រធាននាយកដ្ឋានឡើង។

នៅក្នុងឱកាសនោះ ក៏មានការឡើងធ្វើសេចក្តីរាយការណ៍ពីអគ្គនាយក នៃអគ្គនាយកដ្ឋា​នទាំង៥ និងអគ្គាធិការដ្ឋាន ស្តីពី លទ្ធផលការងាររបស់អគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិកា​រ​ដ្ឋា​ន ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា អំពីសភាពកា​រ​ណ៍​អន្តរជាតិ តំបន់ និងសភាពការណ៍ជាតិ ព្រមទាំងធ្វើការបូកសរុប លទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា ខែមិថុនានេះ អគ្គលេ​ខាធិកា​រ​ដ្ឋា​នព្រឹទ្ធសភា បាន និងកំពុងបន្តការយកចិត្តទុកដាក់ចូលរួមយុទ្ធនាការ ប្រឆាំងជំងឺកូវីដ-១៩​ ទន្ទឹមនឹងការងារដ៏មមាញឹកលើមុខងារនីតិកម្ម ដោយបានរៀបចំ  និងចាត់ចែងការប្រជុំគណៈ​កម្មាធិ​ការអចិន្ត្រៃយ៍ចំនួន០២លើក  និងប្រជុំពេញអង្គព្រឹទ្ធសភា ចំនួន០១លើក  បានយ៉ាងល្អប្រសើរ។

ទន្ទឹមនឹងនេះលើមុខងារតំណាង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានអម​ដំណើរសមា​ជិក​ព្រឹទ្ធសភា ចុះតាមមូលដ្ឋាន ដើម្បីឈ្វេងយល់អំពី​សុខទុក្ខ ​ដោះស្រាយបញ្ហាប្រឈម  ​ និងសំ​ណូ​​មពរនានារបស់ប្រជាពលរដ្ឋ  នៅរាជធានីភ្នំពេញ​ និងតាមបណ្តាខេត្ត ក្រុងនានា។ ការពង្រឹ​ង​កិ​ច្ចសហប្រតិបត្តិការអន្តរជាតិ​ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានខិតខំពង្រីក វិសាលភាពលើគ្រប់​វិស័យ  ដោយរក្សាបាននូវភាពជាដៃគូជាមួយនឹងបណ្តាប្រទេស បណ្តាសភា​​  និងដៃគូអភិវ​ឌ្ឍ​ន៍សំខាន់ៗជាច្រើនទៀត ដោយបន្តលើកកម្ពស់ការផ្តល់ សេវាស្រាវជ្រាវ ​និងការប្រើប្រាស់បច្ចេ​កវិទ្យាព័ត៌មានតាមប្រព័ន្ធ Online ក្នុងប្រតិបត្តិការការ ងារប្រចាំថ្ងៃ។ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យរយៈពេល១០ឆ្នាំទៅមុខទៀត ក្នុងការប្រែ ក្លាយព្រឹទ្ធសភា ឱ្យឈានឆ្ពោះទៅកាន់លក្ខន្តិ​កៈ​ជាសភាទំនើប អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា  បានបញ្ចប់ការកសាងក្របខ័ណ្ឌយុទ្ធសាស្ត្រ​រយៈពេល១០ឆ្នាំ (២០២១-២០៣០)  និងកំពុងបន្ត ពិនិត្យកែសម្រួលផែនការយុទ្ធសាស្ត្រ  រចនាសម្ព័ន្ធ និងការងារចាត់តាំង​របស់អគ្គនាយកដ្ឋាន ទាំង៥ ឱ្យស្របតាមគោលការណ៍កំណែទម្រង់ និងស្ថានភាព​ជាក់ស្តែងរបស់ស្ថាប័ន។ ការប្រជុំតាមរយៈប្រព័ន្ធវីដេអូ Video Conference បានក្លាយជាការពិតនៅក្នុងជីវិតការងារថ្មី សម្រាប់សមាជិកព្រឹទ្ធសភា ក្នុងការងារតំបន់  និងពិភពលោក។

សម្រាប់ខែកក្កដាខាងមុខនេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានកំណត់ឱ្យគ្រប់ អង្គភាព ចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ សេវាដល់មុខងារទាំង៥របស់ព្រឹទ្ធសភា និងបន្តខិតខំពង្រឹងសមត្ថភាពមន្ត្រី ដើម្បីផ្តល់ភាពស័ក្តិសិទ្ធិ ក្នុងការផ្តល់សេវាជូនសមាជិកព្រឹទ្ធសភា ឱ្យកាន់តែល្អជាលំដាប់ ព្រមទាំងបន្តយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕

ដោយ គង់ សិរីរ័ត្ន