ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នាំទៀនព្រះវស្សា ទេយ្យទាន និង​បច្ច័យ​ប្រគេនព្រះសង្ឃ៥២វត្ត នៅខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី​ កែ ​គឹមយ៉ាន ​ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន​​និងលោកជំទាវព្រមទាំងក្រុមគ្រួសារ លោកជំទាវ ញ៉ែម សាខន សខេង និងឯកឧត្តម​ លោកជំទាវ ​ សមាជិកព្រឹទ្ធសភា ​និងរដ្ឋសភា​ថ្នាក់ដឹកនាំខេត្ត​ ក្រុង​ ស្រុកមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត​ប្រជាពុទ្ធបរិស័ទជិតឆ្ងាយបាន​នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ​ ចំនួន៥៧២០០០០០រៀល ប្រគេនព្រះសង្ឃចំនួន៥២វត្ត ក្នុងខេត្តបន្ទាយមានជ័យ និងធ្វើបុណ្យ​ទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនញ្ញាតិ្តការទាំង៧សណ្តាន ដែលបាន ចែកឋានទៅកាន់បរិលោកហើយនោះ នាព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះនៅវត្ត​ប្រាសាទស្រះកណ្តាល(ខ្ចាស់​)​ ឃុំបុស្បូវ​ ស្រុកព្រះនេត្រព្រះ​​។

នៅក្នុងពិធីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ថា ប្រទេសជាតិយើងសព្វថ្ងៃនេះ កំពុងតែមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ​ពិសេសវិស័យពុទ្ធចក្រមានការរីកផុសផុលឡើងនៅគ្រប់ទីកន្លែងនេះ ក៏ដោយសារតែ ប្រទេសមានសុខសន្ដិភាពដែលបានមកពីក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងរឹងមាំពីសំណាក់ សម្ដេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានោះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឱ្យដឹងទៀតថា ការចូលព្រះវស្សាគឺជា ព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើងដើម្បីឱ្យព្រះសង្ឃសាវ័កគ្រប់ព្រះអង្គប្រតិបត្តិតាមដែលមានរយៈពេល ៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាឍ ដល់១៥កើត ខែអស្សុជ។ បុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនាជាពេល​វេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃនិងសាមណេបានរៀនធម៌​វិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានធ្វើការក្រើនរម្លឹក​ដល់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ជំងឺ ឆ្លងដ៏កាចសាហាវកូវីដ១៩ ដោយបង្កើនការធ្វើអនាម័យដើម្បីសុខភាពរស់នៅឱ្យបានល្អ ជាពិសេសត្រូវពាក់ម៉ាស់ ឬក្រមា និងត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំ ជាមួយ សាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ ត្រូវរក្សាគម្លាតពីគ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់កុំឱ្យមានរលកទី២ មេរោគកូវីដ១៩ នៅកម្ពុជានោះ​៕

ដោយឈុនសារ៉ាត