សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជា និងចាត់វិធានការក្ដៅ​ចំពោះករណី​មិនប្រក្រតី​កើតមានឡើងក្នុងការអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរង គ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០–

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញបទ បញ្ជាយ៉ាងម៉ឺងម៉ាត់ ហើយនឹងចាត់វិធានការក្ដៅ ចំពោះករណីមិនប្រក្រតីដែលកើតមាន​ឡើងក្នុងការអនុវត្ត “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និង​ងាយ​រងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”នោះ។

នៅលើផេកផ្លូវការ នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន​បាន​សរសេរថា កាលពីពេលថ្មីៗកន្លងមកនេះ ខ្ញុំបានប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយ​សារ​ផលប៉ះពាល់នៃជំងឺកូវីដ-១៩”។ ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួប​បញ្ហាលំបាកពិតប្រាកដ ទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្ន​ភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមាន​សារៈសំខាន់ខ្លាំងណាស់។ សម្ដេចតេជោបន្តថា  ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំង​ស្រុង​លើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើឱ្យបានច្បាស់​លាស់និងហ្មត់ចត់បំផុត។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា  ដូច្នេះដើម្បីធានាឱ្យ​បាននូវតម្លាភាព និងសុចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ខ្ញុំសូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះ អ្នកអនុវត្តន៍ផ្ទាល់នៅតាមឃុំ សង្កាត់ទាំងអស់ គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញ​ការ​ងារ​នេះ​​​ឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការឃុបឃិតគ្នា ដាក់​បញ្ចូលសាច់ញាត្តិបងប្អូនកូន ក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះ​ពិត​ប្រាកដ​ដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។ សម្ដេចតេជោបានថ្លែងថា “ខ្ញុំនឹងចាត់​វិធាន​ការក្តៅហើយនឹងមិន​មានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណា​មាន​ករណីមិនប្រក្រតីនេះកើតមានឡើង”។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសដាក់ចេញនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយ​សារ​ផល​ប៉ះពាល់នៃជំងឺកូវីដ-១៩” ដែលក្នុងនោះមាន ទី១. តំបន់ទីប្រជុំជនក្នុងរាជធានី​ភ្នំពេញ  «សម្រាប់ប័ណ្ណ [ក្រ-១]»  ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូក​បន្ថែម ៥២,០០០រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀលម្នាក់​ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ឆ្នាំ ជាជនមានពិការភាព ជាជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងជាអ្នកផ្ទុកមេរោគអេដស៍។ «សម្រាប់ប័ណ្ណ [ក្រ-២]» ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន១២ ម៉ឺនរៀល បូកបន្ថែម ៣៦,០០០រៀល សម្រាប់​សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨,០០០រៀល ម្នាក់ទៀត សម្រាប់សមាជិក​នៅ​ក្នុង​គ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ ជាជនមានពិការភាព ជាជនចាស់ជរាអាយុ​ចាប់ពី៦០ឆ្នាំឡើង និងជាអ្នកផ្ទុកមេរោគអេដស៍។ ទី២. តំបន់ទីប្រជុំជនក្រៅពីរាជ​ធានី​ភ្នំពេញ  «សម្រាប់ប័ណ្ណ [ក្រ-១]»  ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន១២ម៉ឺនរៀល បូក​បន្ថែម ៤ម៉ឺនរៀល) សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ឆ្នាំ ជនមានពិការភាព ជន​ចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។ «សម្រាប់ប័ណ្ណ[ក្រ-២]»  ក្នុង ១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ម៉ឺនរៀល បូកបន្ថែម២៨,០០០រៀល សម្រាប់​សមាជិក​គ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨,០០០រៀល ម្នាក់ទៀត សម្រាប់សមាជិក​នៅក្នុង​គ្រួសារ ដែលជាកុមារអាយុក្រោម៥ឆ្នាំ ជនមានពិការភាព ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និង អ្នកផ្ទុកមេរោគអេដស៍។ ទី៣. តំបន់ជនបទ  «សម្រាប់ប័ណ្ណ [ក្រ-១]»  ក្នុង ១គ្រួសារ ទទួល​បានប្រាក់ចំនួន ៨ម៉ឺនរៀល បូកបន្ថែម ២៤,០០០រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយ​បូកបន្ថែម ២៤,០០០រៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារ​អាយុក្រោម៥ឆ្នាំ ជនមានពិការភាព ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកផ្ទុក​មេរោគ​អេដស៍។ «សម្រាប់ប័ណ្ណ [ក្រ-២]»  ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល បូកបន្ថែម ១៦០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម៥ឆ្នាំ ជនមានពិការភាព ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

បើតាមសម្តេចតេជោ ហ៊ុន សែន រហូតដល់ពេលនេះកម្ពុជាបានបញ្ចេញប្រាក់​១២៥​លានដុល្លាររួចទៅហើយៗ រាជរដ្ឋាភិបាលនឹងត្រៀមបញ្ចេញថវិកាបន្តទៀត បើសិន​ជា​ហេតុការណ៍ផលប៉ះពាល់នៃជំងឺកូវីដ-១៩ នេះអូសអន្លាយបន្តទៀត ប៉ុន្តែរាជរដ្ឋាភិបាល នឹង​បញ្ឈប់សកម្មភាពវិញផងដែរ បើសិនជាស្ថានភាពបានប្រសើរឡើង៕ដោយ៖ជឹម ណារី