ប្រទេសនូវែលសេឡង់និយាយថាកិច្ចប្រជុំកំពូលអាពិក (APEC) ឆ្នាំ២០២១នឹងដំណើរការទៅតាមវីដេអូខល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (៣០.០៦.២០)

នូវែលសេឡង់៖ ប្រទេសនូវែលសេឡង់បាននិយាយនៅថ្ងៃទី ៣០ ខែមិថុនានេះថាកិច្ចប្រជុំកំពូលអាពិកប្រចាំឆ្នាំ (APEC) របស់មេដឹកនាំអាស៊ី-ប៉ាស៊ីហ្វិកនឹងធ្វើតាមវីដេអូខលដើម្បីចៀសវាងហានិភ័យក្នុងការធ្វើដំណើរ​ដែលទាក់ទងនឹងការរាតត្បាតនៃវីរុសឆ្លងកូវីដ១៩លើពិភពលោក។

រដ្ឋមន្រ្តីក្រសួងការបរទេសនូវែលសេឡង់បាននិយាយថាការធ្វើកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិកហៅកាត់ថា អាពិក (APEC) ដែលធ្វើតាមអ៊ិនធឺណេតជំនួសការមកប្រជុំក្នុងទីក្រុងអកលេន គឺជាការឆ្លើយតបប្រកបដោយភាពជាក់ស្តែងចំពោះវិបត្តិវីរុសឆ្លងនេះ។

សូមបញ្ជាក់ផងដែរថាមនុស្សជាង ២ ម៉ឺននាក់ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេសនូវែលហ្សេឡង់​សម្រាប់កិច្ចប្រជុំកំពូលដែលមាន ២១ ប្រទេសចូលរួមក្នុងខែវិច្ឆិកាឆ្នាំ ២០២១ ខាងមុខនេះ ។