ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីកើនឡើងជាថ្មីម្តងទៀត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អេអេសភី (៣០.០៦.២០)

អាមេរិក៖ លោកដូណាល់ត្រាំបានចំណាយពេលជាច្រើនក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះដើម្បីស្វែងយល់​និងកសាងទំនាក់ទំនងដ៏កក់ក្តៅជាមួយរុស្ស៊ី ប៉ុន្តែការចោទប្រកាន់ថ្មីៗនេះដែលកំពុងផ្ទុះឡើងបាន​បង្ហាញថាទំនាក់ទំនងរវាងប្រទេសទាំងពីរអាចកាន់តែអាក្រក់ទៅៗហើយ ។

សមាជិកគណៈបក្សប្រជាធិបតេយ្យបានទាមទារចម្លើយនិងសូម្បីតែសមាជិកសភាគណៈបក្សសាធារណរដ្ឋមួយចំនួនក៏បានជំរុញឱ្យមានការសងសឹកបន្ទាប់ពីមានរបាយការណ៍ដែលត្រូវបានចេញផ្សាយជាលើកដំបូងដោយកាសែតញូវយ៉កថែមថាប្រទេសរុស្ស៊ីបានផ្តល់ប្រាក់រង្វាន់ដល់ពួកសកម្មប្រយុទ្ធដែលជាប់ទាក់ទងនឹងក្រុមតាលីបង់ដើម្បីសម្លាប់កងកម្លាំងចំរុះដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ការខឹងសម្បារចំពោះទង្វើរបស់ប្រទេសរុស្សីនេះកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីលោកត្រាំបានផ្តល់កត្តិយសដល់ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនដោយអញ្ជើញលោកឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលហ្សី ៧ (G7)។