សភាកម្ពុជាចូលរួមកិច្ចប្រជុំស្តីពីគ្រោះ ថ្នាក់គ្រឿងញៀន AIPA CODD តាមប្រព័ន្ធវីដេអូរ(Video Conference )

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០–

កិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន (AIPACODD) តាមរយៈប្រព័ន្ធVideo Conference បានបើកធ្វើនៅថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

ឯកឧត្តម ហ៊ូ ស្រ៊ី សមាជិកក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា និងជាអនុប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាប្រធានដឹកនាំប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំនេះបានឱ្យដឹងថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការរៀបចំជាម្ចាស់ផ្ទះរបស់សភាប្រទេសវៀតណាម។ ក្នុងកិច្ចប្រជុំនេះសមាជិកសភាកម្ពុជាមិនខុសពីសមាជិកសភានៃប្រទេសដទៃទៀតទេ គឺបានសម្តែងការព្រួយបារម្ភលើនិន្នា ការនៃការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀន ដែលចេះតែរីកធំឡើងពិសេសការលេចចេញនូវការប្រើប្រាស់ថ្នាំសំយោគ(ATS)ការបង្កើននូវចំនួនកន្លែងផលិតឱសថសំយោគជាដើម។

ឯកឧត្តម បានលើកឡើងថា ក្រុមគោលដៅដែលមានហានិភ័យខ្ពស់ ពីការជួញដូរគ្រឿងញៀន មានដូចជា ពលករចំណាកស្រុកខុសច្បាប់ ទាំងក្នុងនិងក្រៅស្រុក កម្មករសំណង់ អ្នកបើករថយន្តដឹកទំនិញ អ្នកបោះបង់ចោលសាលារៀន នៅតែមានលទ្ធភាពតិចតួច ក្នុងការទទួលបានសារអំពីការទប់ស្កាត់សំខាន់ៗ។ ចំណុចស្នូលសម្រាប់ការអប់រំផ្សព្វ ផ្សាយ ជាពិសេសសម្រាប់ក្រុមគោលដៅខាងលើ មិនទាន់ត្រូវបានបណ្តុះបណ្តាល និងរៀបចំឱ្យបានពេញលេញនៅឡើយ។ អ្នកញៀនថ្នាំខ្លះនៅតែមិនស្ម័គ្រចិត្តស្វែងរកសេវាព្យាបាល និងស្តារនីតិសម្បទា ដែលអាចបណ្តាលមកពីការខ្មាស់អៀន និងភ័យខ្លាចការរើសអើង ឬកង្វះការយល់ដឹងអំពីការព្យាបាល និងការស្តារនីតិសម្បទា ក៏ដូចជាកម្មវិធីសមាហរណកម្ម។ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតែបន្តកើតមាននៅទីតាំងមួយចំនួន ដូចជាផ្ទះជួល សេវាកម្សាន្ត និងតំបន់ស្មុគស្មាញមួយចំនួន ដែលពិបាកនឹងឈានដល់ការបង្ក្រាប។

ឯកឧត្តម ហ៊ូ ស្រ៊ី ក៏បានឱ្យដឹងថា កិច្ចប្រជុំបានទទួលស្គាល់ថា ការបង្រ្កាបការជួញដូរគ្រឿងញៀនជាបញ្ហារួម ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសជាសកលនេះ គេត្រូវអនុវត្តន៍ផែនការសកម្មភាពទូលំទូលាយ និងពហុវិជ្ជាសម្រាប់ផ្សព្វផ្សាយ ការបង្ការគ្រឿងញៀន ដល់ស្ថាប័នពាក់ព័ន្ធបានជួយបង្កើនការយល់ដឹងឱ្យកាន់តែច្បាស់ អំពីគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងចំណោមប្រជាពលរដ្ឋ។ កិច្ចប្រជុំក៏បានបេ្តជ្ញាចិត្តជំរុញរដ្ឋសមាជិក បង្កើនការយល់ដឹងពីគ្រោះថ្នាក់គ្រឿងញៀនដល់ពលករ ដែលងាយរងគ្រោះដូចជា ពលករចំណាកស្រុក កម្មករស៊ីឈ្នួល និងអ្នកបើករថយន្តដឹកទំនិញជាដើម។

សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន (AIPACODD) នេះមានការចូលរួមពីសភាកម្ពុជា ប្រ៊ុយណេ, ឡាវ, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ហ៊្វីលីពីន, ថៃ, វៀតណាម, និងប្រទេសមីយ៉ាន់ម៉ា, ការិយាល័យគ្រឿងញៀនអាស៊ាន(ASOD= Asean Senior Officials on Drug ), ការិយាល័យអង្គការសហប្រជាជាតិសម្រាប់គ្រឿងញៀន (United Nation Office Drugs and Crime ), លេខាធិការដ្ឋានអាយប៉ា។ ដោយឡែកសភានៃប្រទេសសង្ហិបុរី ដែលជាសមាជិករបស់អាយប៉ាដែលនោះ មិនបានមកចូលរួមក្នុងកិច្ចប្រជុំនេះទេ៕ ដោយ៖ប៉ាល់ សុង