អភិបាលខេត្ត អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលស្តីទី ស្រុកគាស់ក្រឡ

AKP បាត់ដំបង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្តីទី នៃគណៈអភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ពិធីនេះប្រារព្ធធ្វើនៅសាលាស្រុកគាស់ក្រឡ ដោយមានការអញ្ជើញចូលរួមពីអភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក មេឃុំ និងការិយាល័យនានាជុំវិញស្រុកជាច្រើនផងដែរ។

នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកអភិបាលស្រុកស្តីទី ស្រុកគាស់ក្រឡនាពេល ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ផ្តាំផ្ញើដល់លោក ញឹក សារ៉ែន ដែលចូលទៅកាន់ដំណែងជាអភិបាលស្រុកស្តីទី ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែទូលំទូលាយថែមទៀត រវាងថ្នាក់លើ និងថ្នាក់ក្រោម ជាមួយបណ្តាមន្ទីរ អង្គភាព ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា និងរដ្ឋបាលឃុំ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាកង្វល់ សំណូមពរនានា របស់ប្រជាពលរដ្ឋ ជាពិសេសករណីទំនាស់ដីធ្លី ដោយស្មារតីយកចិត្តទុក ដាក់គិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាទំនាស់ដីធ្លីនោះទេ។

សូមជម្រាបជូនថា ពិធីនេះក៏បានបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាលនៃគណៈអភិបាលស្រុកគាស់ក្រឡ ឱ្យមកបម្រើការងារនៅសាលាខេត្តបាត់ដំបង និងប្រកាសតែងតាំងលោក ញឹក សារ៉ែន អតីតប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតសាលាខេត្ត ជាអភិបាលស្រុកស្តីទី ស្រុកគាស់ក្រឡ ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)