រដ្ឋាភិបាលអាម៉េរិក គាំទ្រចំពោះកិច្ចដំណើរការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ជាពិសេសការពង្រឹងសន្តិភាព និងសង្ឃឹមថា របបដ៏យង់ឃ្នងនោះមិនវិលត្រឡប់មកវិញទេ

AKP សៀមរាប ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០–

ក្នុងដំណើរទស្សនកិច្ចនៅតំបន់ប្រវត្តិសាស្រ្តអន្លង់វែងកាលពីរសៀលថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានគាំទ្រដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីដំណើរការកម្មវិធីមួយចំនួន តាមរយៈក្រសួងការបរទេស និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) ដើម្បីកត់ត្រា និងចងក្រងឯកសារឡើងវិញ ពិភាក្សាអំពីអ្វីដែលវាបានកើតឡើង និងពង្រីកចំណេះដឹងទាំងនោះចូលទៅក្នុងស្រទាប់ប្រជាជន។

ឯកឧត្តម ឯកអគ្គរដ្ឋទូត មានប្រសាសន៍បន្តថា ការចងក្រងឯកសារក្តី ការសិក្សាអំពីប្រវត្តិសាស្រ្តក្តី គឺមិនអាចធ្វើឡើងតែនៅរាជធានីភ្នំពេញនោះទេ ក៏ប៉ុន្តែត្រូវតែបានឃើញ និងបានមកដល់ទីតាំងផ្ទាល់ ដែលព្រឹត្តិការណ៍ទាំងនោះវាបានកើតឡើង។ កិច្ចការទាំងនេះវាមានសារៈសំខាន់ណាស់ក្នុងវិស័យអប់រំ និងការរក្សា-ពង្រឹងសន្តិភាព។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងឱកាសទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោកបានបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង គឺតំណាងឱ្យការចាប់ផ្តើមនៃការងាររបស់មជ្ឈមណ្ឌល ដែលឆ្ពោះទៅរកការពង្រឹងគោលដៅ នៃការកសាងសន្តិភាព ការអប់រំ និងទេសចរណ៍ប្រកបដោយនិរន្តរភាព។

លោក លី សុខឃាង ប្រធានក្រុមមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានឱ្យដឹងដែរថា មជ្ឈមណ្ឌលនេះបានចូលមកធ្វើការជាមួយសហគមន៍អន្លង់វែង តាំងពីក្រោយសមាហរណកម្មថ្មីៗមកម៉្លេះ គឺអំឡុងឆ្នាំ២០០១ ហើយការងារដំបូងគឺស្រាវជ្រាវ និងចងក្រងឯកសារចំនួន២ទាក់ទងតំបន់អន្លង់វែង រួមមាន៖ សៀវភៅ«ប្រវត្តិសាស្ដ្រសហគមន៍អន្លង់វែង តំបន់កាន់កាប់ចុងក្រោយរបស់ចលនាខ្មែរក្រហម» និង«សៀវភៅណែនាំសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍»។   រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចូលរួមគាំទ្រដល់កិច្ចដំណើរការទាំងនេះផងដែរ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក(USAID) ដើម្បីកត់ត្រា និងចងក្រងឯកសារឡើងវិញ ។

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បាននិងកំពុងខិតខំប្រឹងប្រែងកសាងការចងចាំ ការផ្សះផ្សា និងរក្សាសន្តិភាព ហើយមជ្ឈមណ្ឌលកំពុងធ្វើដំណើរនៅលើគោលដៅទាំងនេះ តាមរយៈនៃការសិក្សាអំពីសន្តិភាព និងការអប់រំអំពីអំពើប្រល័យពូជសាសន៍។ បើនិយាយអំពីការរស់នៅក្នុងសម័យខ្មែរក្រហម គឺត្រូវនិយាយអំពីការផ្សះផ្សា ការអប់រំកូនចៅឱ្យចេះអត់ឱនអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ហើយបើរៀនអំពីប្រវត្តិសាស្រ្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ វិញ គឺត្រូវរៀនអំពីការទប់ស្កាត់ អំពើប្រល័យពូជសាស្រ្ត៕ ដោយ៖ឃុត សៅ