ស្នងការនគរបាលខេត្តកណ្តាល ចុះអនុវត្តន៍ច្បាប់ចំពោះរថយន្តដឹកខ្សាច់ លើផ្លូវជាតិលេខ២១A

AKP កណ្តាល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០–

ដោយអនុវត្តន៍តាមស្មារតីវេទិកាសាធារណៈ រវាងប្រជាពលរដ្ឋ ជាមួយរដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ កម្លាំងស្នងការនគបាលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល សហការជា មួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះធ្វើការត្រួតពិនិត្យ និង ផាកពិន័យរថយន្តដឹកខ្សាច់អនាធិបតេយ្យនៅលើផ្លូវជាតិលេខ ២១A ក្រុងតាខ្មៅ ។

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានថ្លែងថា បន្ទាប់ពីមានការលើកឡើងពីប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ដោយបានត្អូញត្អែរពីកង្វល់របស់ពួកគាត់ ពិសេសការលើកឡើងពីក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សិត្បូ សង្កាត់ស្វាយរលំ និង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ពីផលប៉ះពាល់បណ្ដាលមកពីរថយន្តដឹកខ្សាច់ចេញពីដេប៉ូ។ ដើម្បីដោះស្រាយបញ្ហានេះជូនបងប្អូនប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងជំនាញចរាចរណ៍ចុះធ្វើការត្រួតពិនិត្យទៅលើរថយន្តដឹកខ្សាច់នេះដោយផ្ទាល់ ។

លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា សមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត និងអ្នកបើកបរ។ ចំពោះរថយន្ត និង អ្នកបើកបរណាល្មើសច្បាប់ និងត្រូវបញ្ជូនទៅធ្វើការផាកពិន័យតាមច្បាប់បានកំណត់ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ដោយប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍នេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃនៅលើផ្លូវជាតិលេខ២១A រហូត ម្ចាស់អាជីវកម្មរថយន្តដឹកខ្សាច់ទាំងអស់រាងចាល ហើយចូលរួមគោរពច្បាប់ឱ្យបានគ្រប់ៗគ្នា ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)