បទយកការណ៍៖ ចម្ការពូជឈើគ្រញូងជាប្រភពសេនេទិចគ្រាប់ពូជឈើ និងមានសក្ដានុ ពលធនធានធម្មជាតិជាច្រើនសម្រាប់បម្រើឱ្យវិស័យទេសចរណ៍

AKP សៀមរាប ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០

ព្រៃចម្ការពូជឈើគ្រញូងមានផ្ទៃដីចំនួន១,៨៨៨ហិកតា ក្នុងចំណោមផ្ទៃដីសរុបប្រមាណ ជាង ៨ម៉ឺនហិកតាដែលជាដែនដីព្រៃឈើគ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ខ្នារ ក្រៅ ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំកន្ទួត ស្រុកស្វាយលើ និងមួយផ្នែកទៀតស្ថិត ក្នុងឃុំ ឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្នុងព្រៃចម្ការពូជឈើគ្រញូងនេះ មានសក្ដានុ ពល ធនធានធម្មជាតិជាច្រើន ដែលជួយស្តារឡើងវិញលើវិស័យព្រៃឈើ និងសម្រាប់ បម្រើ ឱ្យវិស័យទេសចរណ៍កម្ពុជា។

បើតាមការបញ្ជាក់របស់លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ខ្នារ ក្រៅ បានឱ្យដឹងថានៅក្នុងព្រៃចម្ការពូជឈើគ្រញូងនេះ មានដើមឈើមេពូជសំខាន់ៗជា ច្រើន ប្រភេទ ដូចជាប្រភេទឈើប្រណិតៗ គ្រញូងធំៗប្រមាណជា៥៧០ដើម ឈើធ្នង់ បេង នាងនួន តាត្រាវ និងប្រភេទឈើផ្សេងៗទៀតដែលជាតំបន់សេនេទិចគ្រាប់ពូជឈើ នៅ កម្ពុជា។ លោកបានលើកឡើងថា នៅក្នុងចម្ការពូជឈើគ្រញូងនេះ ក៏មានវត្តមាន បណ្តា សត្វព្រៃជាច្រើនប្រភេទ កំពុងរស់នៅ ដូចជាជ្រូកព្រៃ ឈ្លូស ប្រើស ទន្សោងសំពោច ក្រអូបដែលជាប្រភេទសត្វកម្រ និងសត្វស្វាចំនួន៤ប្រភេទទៀត ជាពិសេសស្វាព្រាមជា ប្រភេទសត្វកម្រកំពុងរស់នៅក្នុងព្រៃនោះដែរ។ ជាមួយគ្នានេះ នៅមានសត្វស្លាបមិនតិច ជាង១៦៨ ប្រភេទនោះទេដែលពួកវាយកព្រៃចម្ការពូជឈើគ្រញូង ធ្វើជាអាណាចក្រដ៏សុខ សាន្តរបស់ពួកគេ។ ក្រៅពីដើមឈើប្រណិតៗ និងសត្វព្រៃជាច្រើនប្រភេទ ក៏មានផ្កាព្រៃរីក ស្គុះ ស្គាយទៅតាមរដូវកាល នៃធម្មជាតិដោយមានសត្វឃ្មុំតាមក្រេបលម្អផ្ការអម ដោយ សត្វ មេអំប៉ៅហោះហើរជាហ្វូងៗ នៅពេលបានទស្សនាធ្វើឱ្យអារម្មណ៍ស្រស់ថ្លាផងដែរ។

លោកនាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅបានបន្ដថា នៅក្នុងព្រៃ ចម្ការពូជ ឈើ គ្រញូងនេះ ក៏មានសួនដាំឈើអនុស្សាវរីយ៍ ទេសចរម្នាក់ ដាំឈើមួយដើម និងមាន សួន ផ្កាធម្មជាតិជាដើម។ តំបន់នេះបានក្លាយជាគោលដៅទេសចរណ៍ផងដែរ ដែលភ្ញៀវ ជាតិអន្តរជាតិចាប់ផ្តើមស្គាល់ដំបូងក្នុងឆ្នាំ២០១៥មកដល់បច្ចុប្បន្ននេះ បើគិតត្រឹម ឆ្នាំ២០១៩ កន្លងទៅ មានភ្ញៀវជាតិ អន្តរជាតិ ទៅដាំឈើ ទស្សនកិច្ទសិក្សានិងទស្សនា កម្សាន្តលំហែកាយធម្មជាតិក្នុងតំបន់នេះមានប្រមាណជាង១៥,០០០នាក់។

លោកបាន បន្ដ ទៀតថា ផ្អែកតាមសក្តានុពលដែលមានស្រាប់នៅក្នុងតំបន់នេះ មជ្ឈមណ្ឌលសហ ប្រតិបត្តិ ការពីប្រទេសចិន និងកូរ៉េខាងត្បូងជាដៃគូរបស់ រដ្ឋបាលព្រៃឈើកម្ពុជា គាំទ្រ ដោយរដ្ឋាភិ បាលនៃប្រទេសទាំងពីរ  មានគម្រោងបង្កើតតំបន់ព្រៃលំហែកម្សាន្តធម្មជាតិ នៅតំបន់នេះ ដែលចាប់ផ្តើមអនុវត្តន៍តាំងពីឆ្នាំ ២០១៩មក ក៏ប៉ុន្តែត្រូវបានពន្យាពេលដោយ សារតែវិបត្តិកូវីដ១៩។ តែទោះបីយ៉ាងណាក៏ដោយឆ្នាំ២០២០នេះ លោកនាយ សង្កាត់ រដ្ឋបាលព្រៃឈើបានកំពុងរៀបចំបន្ថែមផ្លូវ សម្រាប់ភ្ញៀវ ទស្សនាកម្សាន្តលក្ខណៈធម្មជាតិ ដោយជិះកង់បានមួយចំនួនទៀត  អ្នកទេសចរអាចមកកម្សាន្តដោយជិះកង់ទស្សនាផ្កាព្រៃ និងសង្ងំរង់ចាំមើលសត្វព្រៃចុះផឹកទឹកផងដែរ។

លោក សេង លន បានគូសបញ្ជាក់ថាដោយសារតែនៅតំបន់នេះ មានសក្ដានុ ពល ធនធានសម្បូបែបសម្រាប់លើកស្ទួយវិស័យព្រៃឈើ និងសម្រាប់បម្រើឱ្យវិស័យទេស ចរណ៍ ផងនោះ មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ សហការជាមួយកម្លាំង កងទ័ព នៃយោធភូមិភាគទី៤ បានធ្វើការចល័តល្បាតនៅពេលថ្ងៃ និងយាមកាមប្រចាំនៅពេល យប់ តាមគោលដៅនានា។ ទន្ទឹមនេះ ជាមួយនឹងការអប់រំបញ្ជ្រាបការយល់ដឹង ជូនដល់ ប្រជាសហគមន៍ ស្តីអំពីច្បាប់ព្រៃឈើក្នុងគោលដៅទប់ស្កាត់ការកាប់រានព្រៃឈើនិងទប់ ស្កាត់ការបរបាញ់សត្វព្រៃគ្រប់ប្រភេទនៅក្នុងតំបន់នេះផងដែរ

លោកបានអះអាងថា ចំ ពោះនៅពេលរដូវប្រាំងរឹតតែមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតពាក់ព័ន្ធការងារទប់ស្កាត់ភ្លើងឆេះព្រៃ ដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ បានខិតខំកៀរគរថវិកា ជីកស្រះ ទឹកនិងធ្វើផ្លូវការពារភ្លើងឆេះព្រៃក្នុងតំបន់នេះបន្ថែមទៀត។ លោកបានបន្ថែមថា ចំពោះ ការជីកស្រះទឹកនេះគឺសម្រាប់មន្រ្តីប្រើប្រាស់ផង សម្រាប់យកទឹកទៅពន្លត់ភ្លើងឆេះ ព្រៃផង និងសម្រាប់ឱ្យសត្វព្រៃចុះផឹកទឹកផងដែរ។

លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះ នៅ ក្នុងព្រៃចម្ការពូជឈើគ្រញូងនេះ មានស្រះទឹកចំនួន១១ស្រះ ទីតាំងផ្សេងៗគ្នា ក្នុងនោះ មានស្រះទឹកដ៏ធំមួយរាងជារង្វង់ មានអង្កត់ផ្ចិត១០០ម៉ែត្រ ជម្រៅ៤ម៉ែត្រកន្លះកសាង ឡើងក្នុងឆ្នាំ២០១៦ មានលក្ខណៈដូចជាត្រពាំងធម្មជាតិ មានព្រៃឈើចម្រុះ ដុះព័ទ្ធជុំវិញ ជាស្រះទឹកឧបត្ថម្ភកសាងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ មេបញ្ជា ការ កងវិស្វ័កម្មតេជោ ហ៊ុន សែនសៀមរាប ហើយស្រះទឹកនេះ បានក្លាយជា ប្រភពទឹក ដ៏សំខាន់ ផ្គត់ផ្គង់ដល់សត្វព្រៃគ្រប់ប្រភេទនៅក្នុងតំបន់នោះ។

លោក សេង លន ក៏បានគូសបញ្ជាក់បន្ថែមថាជាក់ស្តែង ចំពោះស្រះទឹកនេះ ឃើញ មានដានជើងសត្វព្រៃជាច្រើនចុះផឹកទឹក និងជាកន្លែងជួបជុំប្រលែងគ្នា នៅក្នុង ស្រះ នោះ ហើយក៏ធ្លាប់បានជួបប្រទះដោយចៃដន្យនូវសត្វព្រៃទាំងនេះផងដែរ

ដោយ ឃុត សៅ