សភាកម្ពុជាចូលរួមកិច្ចប្រជុំទល់មុខគ្នាក្នុងជំនួបកំពូលអាស៊ាន និងអន្តរសភាអាយប៉ាលើកទី៣៦ តាមប្រព័ន្ធវីដេអូ (Video Conference)

AKP ភ្នំពេញ ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២០

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា  តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៦ ខែមិថុនាបានអញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងអន្តរសភាអាស៊ាន(អាយប៉ា)លើកទី៣៦ (36th ASEAN Summit)  តាមរយៈប្រព័ន្ធវីដេអូ(Video Conference) នៅវិមានរដ្ឋសភា។

​​យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ដែលចេញផ្សាយដោយអគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងថា កិច្ចប្រជុំទល់មុខគ្នារវាងមេដឹកនាំកំពូលអាយប៉ា និងអាស៊ាននៅឆ្នាំនេះ មិនខុសពីបណ្តាឆ្នាំកន្លងទៅទេ គឺបានធ្វើការសង្កត់ធ្ងន់អំពីក្តីកង្វល់ទៅលើស្ថានភាពវិវត្តិចុងក្រោយនៅក្នុងតំបន់ និងសកលលោក ជាពិសេសឆ្នាំនេះផលលំបាកដែលបង្កដោយជំងឺ COVID-19 ធ្វើការរួមគ្នា ប្តេជ្ញាចិត្តជាមួយឆន្ទៈ និងការតស៊ូរបស់អាស៊ាន ដើម្បីលុបបំបាត់ជំងឺរាតត្បាត ធ្វើការស្តារសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ។ ក្នុងស្មារតីនេះអាយប៉ាក៏បានស្វាគមន៍នូវសេចក្តីប្រកាសរបស់កិច្ចប្រជុំកំពូលពិសេសរបស់អាស៊ានស្តីពីកូវីដ១៩ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ាន ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈម ដែលមិនធ្លាប់មាន ដែលបណ្តាលមកពីកូវីដ១៩។ បន្ថែមទៅទៀតសមាជិកអាយប៉ា គាំទ្រ និងលើកទឹកចិត្តការអនុវត្តគំនិតផ្តួចផ្តើមរបស់អាស៊ានក្នុងបញ្ហានេះ ដោយបន្តនៅជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការអនុវត្តវិធានការ នៃការគ្រប់គ្រង និងឆ្លើយតបចំពោះជំងឺរាតត្បាត ការពង្រឹងសមត្ថភាពជាតិ នៃការត្រៀមខ្លួនក្នុងស្ថានភាពអាសន្ន ការធានាសុខុមាលភាពរបស់ប្រជាជន ការកែលំអសកម្មភាពសេដ្ឋកិច្ចរក្សាស្ថេរភាព និងអភិវឌ្ឍន៍នៅក្នុងប្រទេស ក៏ដូចជានៅទូទាំងតំបន់។ បន្ថែមនូវសារសំខាន់អំពីតួនាទីរបស់អាយប៉ា ជាដៃគូអាស៊ានក្នុងការបំពេញគោលបំណងសហគមន៍អាស៊ាន។ជាមួយនេះផងដែរ នៅក្នុងខ្លឹមសារថ្លែងដោយប្រធានអាយប៉ា យើងបានធ្វើការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះប្រធានបទអាស៊ាន២០២០ភាពស្អិតរមួតនិងការឆ្លើយតបសម្រាប់អាស៊ានដើម្បីកសាងអាស៊ានឱ្យទៅជាផ្ទះរួមមួយប្រកបដោយថាមភាព ឯករាជភាព សកម្មភាព សាមគ្គីភាព និងរីកចម្រើនយ៉ាងឆាប់រហ័សនៅអាស៊ីអាគ្នេយ៍ និងសកល។ គួរកត់សម្គាល់ផងដែរថា នៅក្នុងកិច្ចប្រជុំនេះ មានទស្សនៈវិស័យ និងបញ្ហាជាច្រើន ដែលត្រូវបានយកមកពិភាក្សាផ្លាស់ប្តូរយោបល់គ្នា មានដូចជា នយោបាយសន្តិសុខ ស្ថេរភាពតំបន់ សេដ្ឋកិច្ច វប្បធម៌ សង្គម បរិស្ថាន និងការតភ្ជាប់ក្នុង និងក្រៅតំបន់។

គួរបញ្ជាក់ផងដែរថា តំណាងសភាកម្ពុជា មានលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា បានសម្តែងជាទស្សនៈយោបល់នូវការពេញចិត្តអគុណដល់លោកជំទាវ ង្វៀងធី គឹមងិន (Nguyen Thi Kim Ngan) ប្រធានអន្តរសភាអាយប៉ាលើកទី៤១ ដែលបានដាក់បញ្ចូលនូវធាតុចូលរបស់សភាកម្ពុជាពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងទៅក្នុងសាររបស់អាយប៉ា និងបានលើកឡើងអំពីផលវិបាករបស់សកលលោកដោយជំងឺរាតត្បាតកូវីដ១៩ ដែលមានភាពចាំបាច់ជាងពេលណាៗទាំងអស់ និងបានបង្ហាញញសារសំខាន់នៃភាពជាដៃគូអាស៊ានអាយប៉ា ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការសម្រេចបាននូវការកសាងសហគមន៍ដែលប្រកាន់យកប្រជាជនជាស្នូល ហើយដែលផ្នែកការទូតសភា មានតួនាទីក្នុងភាពជាតំណាងប្រជាជនអាស៊ាន ចូលរួមយ៉ាងមានអត្ថន័យនៅក្នុងដំណើរការរបស់អាស៊ាន ក៏ដូចជាការផ្តល់នូវមតិយោបល់ និងធាតុចូលលើកិច្ចការងារផ្សេងៗក្នុងតំបន់។ ក្រៅពីនេះសភាកម្ពុជាក៏បានអបអរសាទរនិងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ប្រធានអាស៊ាន២០២០ ក្នុងការរៀបចំអោយមានសម័យប្រជុំពិសេសរបស់មេដឹកនាំអាស៊ានលើកទី១ ស្តីពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។

មុននឹងបញ្ចប់ការចែករំលែកនូវបទពិសោធន៍លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតអំពីផលប៉ះពាល់ដ៏មហន្តរាយនៃវិបត្តិនៃការឆ្លងរាលដាលរបស់ជំងឺកូវីដ១៩ ដែលបានបង្ហាញនូវឱកាសតូចចង្អៀតមួយ ដែលតម្រូវឱ្យមនុស្សធ្វើកំណែទម្រង់នូវផ្នត់គំនិតធ្វើឱ្យកាន់តែស៊ីជម្រៅនូវគំរូអភិវឌ្ឍន៍ថ្នាក់ជាតិ និងថ្នាក់តំបន់ ក្នុងគោលបំណងដែលយើងទាំងអស់គ្នាអាចសម្រេចបាននូវសហគមន៍អាស៊ានមួយប្រកបដោយបរិយាប័ន្ន និរន្តភាព ភាពធន់មំា និងថាមភាព។

គួររម្លឹកផងដែរថា កិច្ចប្រជុំកម្រិតប្រធានអាស៊ាន និងប្រធានអាយប៉ាលើកទី១ ត្រូវបានចាប់ផ្តើមអនុវត្តជាលើកដំបូងនាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ នៅឆ្នាំ២០០៩ នៅហ៊ួហ៊ីន ព្រះរាជាណាចក្រថៃ ក្រោមគំនិតផ្តួចផ្តើមរបស់សភាប្រទេសសមាជិកអាយប៉ា និងអាស៊ាន ហើយចាប់ពីពេលនោះមក កិច្ចប្រជុំកម្រិតប្រធានអាស៊ាន និងប្រធានអាយប៉ា បានប្រព្រឹត្តទៅចំនួន ៩លើក រួចមកហើយ ដែលលើកចុងក្រោយនៅឆ្នាំ២០១៩ ធ្វើនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំកំពូលរវាងអន្តរសភាអាយប៉ា និងអាស៊ានគឺជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតរវាងអាស៊ាន និងអាយប៉ា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជិតស្និទ្ធ និងស៊ីជម្រៅថែមទៀតរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងន័យគាំទ្រគ្នាទៅវិញទៅមក ដោយផ្តោតលើការផ្លាស់ប្តូរព័ត៌មាន និងការពិភាក្សាលើកិច្ចការរបស់អាស៊ាន និងអាយប៉ានៅគ្រប់កម្រិត ដើម្បីឆ្ពោះទៅរកការសម្រេចបានគោលបំណងនៃសន្តិភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាមួយនឹងការពន្លឿន និងជម្រុញឱ្យសម្រេចបាននូវសហគមន៍អាស៊ានមួយដោយឈរលើមូលដ្ឋានផ្តោតសំខាន់លើប្រជាជន និងយល់ដឹងពីសារសំខាន់នៃអាស៊ាន

ដោយ៖ ប៉ាល់ សុង