សម្ដេចតេជោនាយករដ្ឋមន្ត្រី៖ កម្ពុជាទោះបីមិនសូវទំនើបដូចគេ ក៏ប៉ុន្តែបានខិតខំពង្រឹងការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរចេញ ចូល ក្នុងប្រទេស គ្រប់ច្រកទាំងអស់

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០–

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាទោះបីមិនសូវទំនើបដូចគេ ក៏ប៉ុន្តែបានខិតខំពង្រឹងការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរចេញចូលក្នុងប្រទេសគ្រប់ច្រកទាំងអស់ ទាំងតាមដែនគោក និងតាមព្រលានយន្តហោះ ដែលគ្រប់ៗគ្នាត្រូវតែទទួលបានការពិនិត្យសុខភាព (Health Screening) ដោយអនុវត្តន៍ខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

នៅលើផេកផ្លូវការ នា ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ហើយបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ចៀសវាងការឆ្លងមេរោគកូវីដ-១៩។ សម្ដេចតេជោបានគូសបញ្ជាក់ថា កម្ពុជាទោះបីមិនសូវទំនើបដូចគេ ក៏ប៉ុន្តែយើងបានខិតខំពង្រឹងការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរចេញចូលក្នុងប្រទេសគ្រប់ច្រកទាំងអស់ ទាំងតាមដែនគោក និងតាមព្រលានយន្តហោះ ដែលគ្រប់ៗគ្នាត្រូវតែទទួលបានការពិនិត្យសុខភាព (Health Screening) ដោយអនុវត្តខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្ដេចក៏បានថ្លែងឱ្យដឹងដែរថា ចាប់តាំងពីថ្ងៃទី ២០ ខែ ឧសភា កន្លងទៅនេះ កម្ពុជាយើងបានរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ ថ្មីចំនួន ០៧នាក់ ហើយនៅថ្ងៃទី ២៦ ខែ មិថុនា កន្លងមកនេះ គឺយើងរកឃើញអ្នកឆ្លងកូវីដថ្មី ០៩នាក់ថែមទៀត ដែលពួកគាត់ទើបបានធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី។ ដូច្នេះ សរុបមកកម្ពុជាយើងគឺមានចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ ទាំងអស់សរុបចំនួន ១៣៩នាក់ ហើយព្យាបាលជាសះស្បើយបាន ១២៩នាក់ នឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែ-សូវៀតចំនួន ១០នាក់។

សម្ដេចតេជោនាករដ្ឋមន្ត្រីបានថ្លែងសង្កត់ធ្ងន់ថា ជំងឺកូវីដ-១៩ នៅតែជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុតដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយ។ ថ្ងៃនេះតួលេខពីអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅក្នុងប្រទេសចំនួន ២១៦ គឺមានអ្នកឆ្លងមេរោគកូវីដ១៩ បានកើនឡើងរហូតដល់ ៩,៤៧៣ ,២១៤ នាក់ និងមានអ្នកស្លាប់ ៤៨៤ ,២៤៩ នាក់។ ដើម្បីសុខភាពល្អ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ សូមបងប្អូនរស់នៅមានអនាម័យល្អ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ ហើយត្រូវតែពាក់ម៉ាស់ជាប្រចាំ។ កុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩ឱ្យសោះ។ ចំពោះទីកន្លែងដែលមានចំនួនមនុស្សប្រមូលផ្តុំច្រើនដូចជា ទីផ្សារ ផ្សារទំនើប ហាងទំនិញលក់ដូរតាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋនិង ឯកជន គឺត្រូវតែមានជែល ទឹកអាល់កុល និងម៉ាស់ដើម្បីឱ្យប្រជាពលរដ្ឋនិងអតិថិជនប្រើប្រាស់ កុំឱ្យឆ្លងរោគពីម្នាក់ទៅម្នាក់។ ព្រោះជំងឺនេះ យើងមើលមិនឃើញទេ គឺការពារប្រសើរជាងព្យាបាល។ សម្ដេចតេជោ ក៏បានសូមជូនពរបងប្អូនជនរួមជាតិបានរីករាយជួបជុំក្រុមគ្រួសារ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕ ដោយ៖ជឹម ណារី