សម្ដេច​តេ​ជោ ហ៊ុន សែន​៖ ការចូលរួម​ពី​វិស័យ​ឯកជន គឺជា​កិច្ច​ការសំខាន់​ដែល​មិនអាច​ខ្វះ​បាន ក្នុង​ដំណើរការ​អភិវឌ្ឍ​សហគមន៍​អាស៊ាន ក៏ដូចជា​ក្នុង​បរិបទ​កូ​វីដ​-១៩ នេះ​

AKP ភ្នំពេញ ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០–

​ក្នុងការ​ជួបពិភាក្សារ​វាង​ថ្នាក់ដឹកនាំ​អាស៊ាន និង​ក្រុមប្រឹក្សា​ផ្តល់យោបល់​ធុរកិច្ច​អាស៊ាន (ASEAN BAC) ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​លើក​ទី​៣៦ តាមរយៈ​ប្រព័ន្ធ​វីដេអូ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់ថា ជាការ​ពិត​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​វិស័យ​មួយចំនួនធំ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដែល​ទាមទារ​ការចូលរួម​អន្តរាគមន៍​ពី​រដ្ឋាភិបាល ហើយ​ការចូលរួម​ពី​វិស័យ​ឯកជន គឺជា​កិច្ច​ការសំខាន់​ដែល​មិនអាច​ខ្វះ​បាន ក្នុង​ដំណើរការ​អភិវឌ្ឍ​សហគមន៍​អាស៊ាន ក៏ដូចជា​ក្នុង​បរិបទ​កូ​វីដ​-១៩ នេះ​។​

​សម្ដេច​តេ​ជោ​បាន​លើកឡើងថា ជំងឺ​កូ​វីដ​-១៩ បាន នាំមក​នូវ​ផល​អវិជ្ជមាន​ធ្ងន់ធ្ងរ មកលើ​សង្គម និង សេដ្ឋកិច្ច​សកលលោក និង​តំបន់ ពិសេស​តាមរយៈ​ការបង្អាក់​ពាណិជ្ជកម្ម និង​ដំណើរការ​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល ការបាត់បង់​ការងារ និង ការធ្លាក់ចុះ​នៃ​ចំណូល​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ចែករំលែក​នូវ​ទស្សនៈ​មួយចំនួន ក្នុងការ​ជួបពិភាក្សារ​វាង​ថ្នាក់ដឹកនាំ​អាស៊ាន និង​ក្រុមប្រឹក្សា​ផ្តល់យោបល់​ធុរកិច្ច​អាស៊ាន​ថា ទី​១- វិបត្តិ​កូ​វីដ​-១៩ នេះ បាន​ក្រើនរំលឹក ជាថ្មី​ម្ដងទៀត​ដល់​សហគមន៍​យើង​ថា អាស៊ាន​នៅមាន​ភាពខ្វះខាត និង​ពឹងផ្អែក​ច្រើនលើក​ត្តា​ខាងក្រៅ (external factors)​។ ជាមួយនឹង​និន្នាការ​ថ្មី​ដែល​នាំមក​ដោយ ជំងឺ​កូ​វីដ​-១៩ គឺ​ការផ្លាស់ប្តូរ​ពី​ពាណិជ្ជកម្ម និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល មកជា​ពាណិជ្ជកម្ម និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ តំបន់ អាស៊ាន​ត្រូវ​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់ ដើម្បី​ទាញយក​ប្រយោជន៍​ជា​អតិបរិមា​។ ជារឿយៗ យើង​តែងតែ​លើកឡើងថា ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន (ASEAN Intra-Trade) នៅមានកម្រិត​ទាប​។ កាលៈទេសៈ​នេះ ជា​ឱកាស​ដ៏​ប្រសើរ​មួយ ដែល​ប្រទេស​អាស៊ាន​ត្រូវ​ជំរុញ និង​លើកកម្ពស់​ពាណិជ្ជកម្ម​ក្នុង​តំបន់​។ ក្នុង​ស្មារតី​នេះ ប្រទេស​អាស៊ាន​ទាំងអស់ ត្រូវ​បង្ហាញ​ពី​ឆន្ទៈ​មោះមុត​ក្នុង​ការបន្ត​លុបបំបាត់​របាំង​ពន្ធ និង​របាំង​មិនមែន​ពន្ធ (Tariff and non-tariff barriers) ដែល​នៅ​សេសសល់ ឱ្យ​បានជា​អតិបរិមា​។

​ទី​២- ដូចដែល​បានលើកឡើង​ខាងលើ អាស៊ាន​មាន​កាលា​នុ​វត្ត​ថ្មី​ក្នុង​ការពង្រឹង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុង​តំបន់​របស់ខ្លួន​។ នេះ​គឺជា​កិច្ចការ​ចាំបាច់​ចំពោះមុខ ដោយ​ខ្ញុំ​យល់ឃើញថា ការតភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុង​តំបន់ នឹង​អាចឱ្យ​អាស៊ាន​សម្រេច​នូវ​សក្តានុពល​របស់ខ្លួន ខណៈ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០ មាន​ឧត្តមភាព​ប្រៀបធៀប (Comparative advantage) ផ្សេងៗ​គ្នា​។​លើសពីនេះ ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុង​តំបន់​នឹង​អាច ឱ្យ​ប្រទេស​សមាជិក​អាស៊ាន​មានលទ្ធភាព​ផ្គត់ផ្គង់​គ្នា​ទៅវិញទៅមក ហើយ​ប្រែក្លាយ​អាស៊ាន​ទៅជា​តំបន់​មួយ​ដែល​អាច​ពឹង​ផ្អែកលើ​ខ្លួនឯងបាន​(Self-sufficient)​។ ការណ៍​នេះ​មិនមែន​មានន័យថា អាស៊ាន​នឹង​កាត់ផ្តាច់ ខ្លួន​ពី​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល​នោះទេ ប៉ុន្តែ​វា​ជាការ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​សហគម​ន៍​អាស៊ាន នៅលើ​ឆាក​អន្តរជាតិ​។

​ទី​៣- ខ្ញុំ​សូម​សង្កត់ធ្ងន់​ជាថ្មី​ម្ដង​ទៀតថា ការចូលរួម​ពី​វិស័យ​ឯកជន គឺជា​កិច្ច​ការសំខាន់​ដែល​មិនអាច ខ្វះ​បាន ក្នុង​ដំណើរការ​អភិវឌ្ឍ​សហគមន៍​អាស៊ាន ក៏ដូចជា​ក្នុង​បរិបទ​កូ​វីដ​-១៩ នេះ​។ ជាការ​ពិត ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​វិស័យ​មួយចំនួនធំ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដែល​ទាមទារ​ការចូលរួម​អន្តរាគមន៍ ពី​រដ្ឋាភិបាល​។ ប៉ុន្តែ​វិស័យ​ឯកជន​ផ្ទាល់​ក៏​មិនត្រូវ​ពឹងផ្អែក​ទាំងស្រុង​លើ​រដ្ឋាភិបាល និង​ត្រូវមាន​ការគិតគូរ​អំពី លទ្ធភាព​របស់ខ្លួន ក្នុងការ​រួមចំណែក​គ្រប់គ្រង និង កាត់បន្ថយ​ផលប៉ះពាល់​ដែល​បណ្ដាលមកពី​ជំងឺ​នេះ​។ ផ្អែកលើ​ស្មារតី​នេះ សម្រាប់​វិស័យ​ដែល​មិន​រង​ផលប៉ះពាល់​ជា​អវិជ្ជមាន ឬ រង​ផលប៉ះពាល់​តិចតួច វិនិយោគិន និង​ម្ចាស់​អាជីវកម្ម ត្រូវមាន​ការគិតគូរ​ឱ្យបាន​ដិតដល់​ចំពោះ​ការទទួលខុសត្រូវ​រប​ស់​ខ្លួន ជាពិសេស​ការទទួល ខុសត្រូវ​សង្គម (Corporate social responsibility) មកលើ​បុគ្គលិក​របស់ខ្លួន​។ វិនិយោគិន និង​ម្ចាស់​អាជីវកម្ម​នានា​ត្រូវ​ចងចាំ​ថា បុគ្គលិក​របស់ខ្លួន​នេះហើយ​ជា​អ្នក​ធ្វើឱ្យ​អាជីវកម្ម និង​ការវិនិយោគ មាន​ភាព​រីកចម្រើនរ​ហូត ដល់​ថ្ងៃនេះ​។ វិបត្តិ​កូ​វីដ​-១៩ នេះ ជា​ឱ​កាល​ដ៏​ល្អ​សម្រាប់​វិនិយោគិន និង​ម្ចាស់​អាជីវកម្ម បង្ហាញ​អំពី​ការដឹងគុណ និង តបស្នង​ដល់​បុគ្គលិក​របស់ខ្លួន តាមរយៈ​ការមិន​បញ្ឈប់​ការងារ និង​ការឧបត្ថម្ភ​ផ្សេងៗ តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។ វា​ជាការ​ពិតណាស់ រដ្ឋាភិបាល​ប្រទេស​អាស៊ាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងអំឡុង និង ក្រោយ ពេល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​រដ្ឋាភិបាល​តែ​ម្ខាង​ក៏​មិនអាច​ដោះ​បញ្ហា​ប្រឈម​ទាំងឡាយ​បាន​នោះដែរ​។ ដូចនេះ វិស័យ​ឯកជន​ត្រូវ​ចូលរួម និង​សហការ​យ៉ាង​ផុសផុល​ជាមួយ​រដ្ឋាភិបាល រួម​ធ្លុង​មួយ​ក្នុងការ​ដោះស្រាយ បញ្ហា​ប្រឈម​នានា​ដែល​កំពុងតែ​កើតមាន​៕

​ដោយ ជឹម ណា​រី​