កម្ពុជា នាំចេញ​កង់​ទៅកាន់​ទីផ្សារ​បរទេស ក្នុងតម្លៃ​ជិត ២០០​លាន​ដុល្លារ ក្នុង​រយៈពេល​ប្រាំ​ខែ​ដើមឆ្នាំ​

AKP ភ្នំពេញ ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០–

​កម្ពុជា ជា​ប្រទេស​ដែល​នាំចេញ​កង់​ធំជាងគេ​មួយ​នៅលើ​ពិភពលោក ដោយ​ក្នុង​រយៈពេល​ប្រាំ​ខែ​ដើមឆ្នាំ​២០២០​នេះ កង់​ចំនួន ៨៧៦.៦១២ គ្រឿង​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​បរ​ទេស កើនឡើង​ប្រមាណ ១៩ ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន ។​

​យោងតាម​ស្ថិតិ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​កង់​មានតម្លៃ​សរុប​ជាង ១៩៧ លាន​ដុល្លារ​អាមេរិក កើនឡើង ២៦ ភាគរយ ហើយ​ទីផ្សារ​ធំ​បំផុត​សម្រាប់​កង់​កម្ពុជា គឺ​សហគមន៍​អឺរ៉ុប បន្ទាប់មក​គឺ សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​ជប៉ុន ។​

​ប្រភព​ដដែល​បានឱ្យដឹងថា កង់​ចំនួន ៤៩៥.៣៤១ គ្រឿង ដែលមាន​តម្លៃ ១១៩ លាន​ដុល្លារ​អាមេរិក ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​គម​ន៍​អឺរ៉ុប និង​២២៣.៩១២ គ្រឿង ទៅកាន់​សហរដ្ឋអាមេរិក ក្នុងតម្លៃ​សរុប ៤៤ លាន​ដុល្លារ ។​​ជាមួយគ្នានេះដែរ ចក្រភព​អង់គ្លេស​បាន​នាំចូល​កង់​ពី​កម្ពុជា​ចំនួន ១២៥.៦០២ គ្រឿង ស្មើនឹង ២៥ លាន​ដុល្លារ​អាមេរិក ខណៈដែល​ជប៉ុន​ទិញ ៣៣៨ គ្រឿង ស្មើនឹង ៩៤.១៣៧ ដុល្លារ ហើយ​កង់​ចំនួន ៣១.៤១៩ គ្រឿង​ផ្សេងទៀត ស្មើនឹង​ជាង ៨ លាន​ដុល្លារ ត្រូវបាន​នាំចេញ​ទៅ​ទីផ្សារ​ដទៃទៀត ។​

​វិស័យ​តម្លើង​កង់​នៅ​កម្ពុជា បាន និង​កំពុង​ទាក់ទាញ​ទាំង​ក្រុមហ៊ុន​ផលិត​កង់ និង​រោងចក្រ​ផលិត​គ្រឿងបន្លាស់​ធំៗ ឱ្យមក​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​កាលពី​ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា​បាន​នាំចេញ​កង់ ដែលមាន​តម្លៃ​សរុប ៤១៨ លាន​ដុល្លារ ទៅកាន់​ទីផ្សារ​បរទេស កើន​លើស​តួលេខ​ឆ្នាំ​២០១៨ ដែលមាន​តម្លៃ​ត្រឹមតែ ៣៣១ លាន​ដុល្លារ​ប៉ុណ្ណោះ ៕ ​ដោយ នី​កា​