ឯកអគ្គរដ្ឋទូត​ទី​ម័​រ​ខាងកើត ចង់​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​ដំណើរ​ទស្សនកិច្ច​រវាង​ស្ថាប័ន​សារព័ត៌មាន នៃ​ប្រទេស​ទាំងពីរ​

AKP ភ្នំពេញ ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០
​ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ទី​ម័​រ​ខាងកើត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើកឡើងថា ការ​រឹតចំណង​សាមគ្គីភាព និង​ពង្រឹង​កិច្ចសហការ​លើ​វិស័យ​ព័ត៌មាន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា និង ទី​ម័​រ​ខាងកើត នឹង​កាន់​តែមាន​ភាពរឹងមាំ បន្តទៅ​ថ្ងៃ​អនាគត ហើយ​ចង់​ចង់​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​ដំណើរ​ទស្សនកិច្ច រវាង​ស្ថាប័ន​សារព័ត៌មាន នៃ​ប្រទេស​ទាំងពីរ ដើម្បី​យកមក​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាជន​ប្រទេស​ទាំងពីរ​បាន​ស្គាល់គ្នា​កាន់តែច្បាស់​ជាង​មុន​។

ការលើកឡើង​របស់​ឯក​ឧត្ដម​ឯកអគ្គរដ្ឋទូត​នេះ ក្នុងឱកាស​ចូលជួប​ស​ម្តែ​ង​ការគួរសម​ជាមួយ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។

​ឯកឧត្តម Ermenegildo Kupa Lopes បាន​ម្ដែ​ង​នូវ​ការរីករាយ ដោយ​បានមក​បំពេញបេសកកម្ម​ការងារ​ការទូត​នៅ​ព្រះរាជណាចក្រ​កម្ពុជា ហើយ​ក៏បាន​កោតសរសើ​រ​ចំពោះ​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ដែល​បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​កិច្ចការងារ​សង្គម បម្រើ​ដល់​ប្រជាជន និង​រាជរដ្ឋាភិបាល តាំងពីដើម​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ​។ ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​បាន​ជម្រាបជូន​ថា ប្រទេស​ទី​ម័​រ​ខាងកើត ជា​ប្រទេស​តូច មួយ​ដែល​ទើប​និង​ករ​កើតឡើង ហើយ​ធ្លាប់បាន​ជួប​ការឈឺចាប់​ដូច​ប្រទេស​កម្ពុជា កាលពីពេល កន្លងមក ជួប​ប្រទេះ​នូវ​សង្គ្រាមស៊ីវិល ឥតឈប់ឈរ​។ ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​ក៏ ចង់​ពង្រឹង​និង​ពង្រីក​កិច្ចសហការ​ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​អំពី​ការរីកចម្រើន និង​ការអភិវឌ្ឍ​ប្រទេស​ទាំងពីរ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ថែមទៀត​។

​ឯកឧត្ដម ខៀវ កាញារីទ្ធ បាន​ស្វាគមន៍​ចំពោះ​កិច្ចសហការ​គ្នា​រវាង​ប្រទេស​ទាំងពីរ ពិសេស​លើ​វិស័យ​សារព័ត៌មាន ដោយ​ក្នុងនោះ​ក្រសួង​ព័ត៌មាន នឹង​ចាត់​បញ្ជូន​ថ្នាក់ដឹកនាំ និង​អ្នកយកព័ត៌មាន​ពី​ស្ថាប័ន​ទូរទស្សន៍​ជាតិ​កម្ពុជា វិទ្យុជាតិ​កម្ពុជា និង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ទៅធ្វើ​ទស្សនកិច្ច និង​ថត​យក​រូបភាព ទិដ្ឋភាព ជីវភាព​រស់នៅ​របស់ ប្រជាជន​ទី​ម័​រ​ខាងកើត ដើម្បី​យកមក​ធ្វើការ​ផ្សព្វផ្សាយ ឱ្យ​ប្រជាជន​កម្ពុជា​បានឃើញ យល់ដឹង និង​ស្គាល់គ្នា​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​៕​ដោយ រិទ្ធី រូបថត​៖ ខឹម សុវណ្ណារ៉ា