សម្ដេចតេជោ ហ៊ុន សែន៖ ការលើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុង ការប្រើប្រាស់បច្ចេក វិទ្យាឌីជីថល ត្រូវបានចាត់ទុកថាជាកាលានុវត្តភាព និងកាតាលីករថ្មីមួយ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា  ការលើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ត្រូវ បានចាត់ទុកថាជាកាលានុវត្តភាព និងកាតាលីករថ្មីមួយ សម្រាប់ពន្លឿនការសម្រេចបាន នូវសមភាពយេនឌ័រ និង ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន។

ក្នុងសម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ស្តីពី “ការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល តាមរយៈប្រព័ន្ធវីដេអូ  នា​រសៀល​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្ដេចតេជោនាយក​រដ្ឋមន្ត្រីបាន​គូសបញ្ជាក់ថា ក្នុងបរិការណ៍បច្ចុប្បន្ន ការសិក្សាស្រាវជ្រាវបានបង្ហាញថា ជំងឺកូវីដ-១៩​បានបង្កផលប៉ះពាល់អវិជ្ជមាន លើស្ត្រីច្រើនជាងបុរស ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្ត្រីភាគច្រើន មានការងារនៅក្នុងវិស័យសេវាកម្ម និងវិស័យសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ហើយអាចមិនបានទទួលនូវការឧបត្ថម្ភពីកម្មវិធីគាំពារសង្គម ដែលជាធម្មតាគ្រប ដណ្ដប់លើកម្មករ និយោជិត សម្រាប់សេដ្ឋកិច្ចក្នុងប្រព័ន្ធ។ សម្ដេចតេជោលើកឡើងថា យ៉ាង​ណាក៏ដោយ ការលើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ត្រូវបានចាត់ទុកថាជាកាលានុវត្តភាព និងកាតាលីករថ្មីមួយ សម្រាប់ពន្លឿនការសម្រេច បាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន។ ជាក់​ស្តែង ការចូលរួមចំណែករបស់ស្រី្ដក្នុងការជំរុញកំណើនសេដ្ឋកិច្ច គឺនៅមានសក្តានុពល​ច្រើន។  ហេតុនេះ រដ្ឋាភិបាលប្រទេសសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ ជាពិសេស វិស័យ​ឯកជន ត្រូវរួមគ្នា បង្កើតបរិយាកាសមួយអំណោយផល ដែលអាចឱ្យស្ត្រីមាន​ភាព​ងាយស្រួលក្នុងការចាប់យកកាលានុវត្តភាព និងសក្តានុពលថ្មីទាំងនេះ។ សម្ដេចតេជោ​ក៏បានចែក​រម្លែកនូវទស្សនៈមួយចំនួន ដើម្បីផ្តល់អាទិភាពខ្ពស់ចំពោះការលើកម្ពស់តួនាទី ស្ត្រីក្នុងយុគសម័យឌីជីថល ដោយផ្តោតលើការងារ រួមមាន បង្កើនការផ្តល់សេវា និងលើក កម្ពស់ការទទួលបានសេវារបស់ស្ត្រី និងកុមារី ក្នុងការប្រើប្រាស់ សេវា ICT តាមរយៈ ការផ្តល់សេវា និងទីកន្លែង ដែលស្ត្រីអាចប្រើប្រាស់សេវា ICT ដោយងាយស្រួល និងមាន​សុវត្ថិភាព ការវិនិយោគ និងការរៀបចំគោលនយោបាយ ប្រកបដោយបរិយាប័ន្ន សំដៅ ផ្តល់សេវា ICT ក្នុងថ្លៃសមរម្យ (affordable ICT service)។ ផ្តោតការយកចិត្តទុកដាក់ លើ ការអប់រំផ្នែក STEAM ដែលអាចឱ្យស្ត្រី និងកុមារី ទទួលបានចំណេះដឹងថ្មីៗពាក់ព័ន្ធនឹង ICT។ ទន្ទឹមនេះ បន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាម​រយៈការបង្កើនការយល់ដឹង អំពីការអភិវឌ្ឍអាជីវកម្មសំខាន់ៗ ជាពិសេសសម្រាប់សហ​គ្រាស​ធុនតូច និងមធ្យម និងវិស័យ ICT ពង្រីកវិសាលភាពគ្របដណ្ដប់នៃ​ប្រព័ន្ធគាំពារ សង្គម និងរៀបចំដាក់វិធានការ លើកស្ទួយតួនាទីរបស់ស្ត្រីក្នុងការជំរុញកំណើន សេដ្ឋកិច្ច ជាតិ ទៅក្នុងក្របខណ្ឌនៃផែនការស្តារ សេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។  រៀបចំ ប្រព័ន្ធបរិស្ថាន (Ecosystem)មួយ ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសកម្រិតនិង មធ្យម និងសហគ្រិនជាស្ត្រី ដោយយកចិត្តទុកដាក់ដល់ការបញ្ច្រាបច្ចេកវិទ្យា ឌីជីថល ការទទួលបានធនធានហិរញ្ញវត្ថុ ការបណ្ដុះបណ្ដាលនិងការកសាងសមត្ថភាព។ល។ ដើម្បី ជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗ ក្នុងវិស័យឌីជីថល។ ជាមួយគ្នានេះ ពង្រឹងជំនាញ ដូចជា អក្ខរ​កម្មឌីជីថល(Digital literacy) និងការការពារអត្តសញ្ញាណ ដើម្បីឱ្យស្ត្រីអាចទទួលបាន​ប្រយោជន៍ពេញលេញ និងប្រកបដោយសុវត្ថិភាព ពីសេដ្ឋកិច្ចឌីជីថល។ លើកកម្ពស់គំនិត​ផ្តួច​ផ្តើមថ្មីៗ និងឧត្តមានុវត្តន៍នានា (Best practice) ពាក់ព័ន្ធនឹងការលើក- ស្ទួយតួនាទីស្ត្រី​លើផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងចែករំលែកនិងផ្លាស់ប្តូរបទពិសោធន៍រវាង ប្រទេសស​មាជិក​អាស៊ាន៕

ដោយ ជឹម ណារី