ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្លែងអំណរគុណចំពោះសមាជិកអាស៊ាន ដែលបានគាំទ្រការ រៀបចំកិច្ចប្រជុំកំពូលមេដឹកអាស៊ាន-នូវែលសេឡង់

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ក្នុងនាមជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងសន្ទនាអាស៊ាន-នូវែលសេឡង់ កម្ពុជាសូមថ្លែងអំណរគុណចំពោះសមាជិកអាស៊ាន ដែលបានគាំទ្រការរៀបចំកិច្ចប្រជុំ កំពូលមេដឹកអាស៊ាន-នូវែលសេឡង់ ហើយកម្ពុជាសូមលើកទឹកចិត្តរដ្ឋមន្ត្រីការបរទេស អាស៊ានបន្តការងារនេះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលនេះឱ្យលេចឡើងជារូបរាង។

ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-លើកទី៣៦(កិច្ចប្រជុំពេញអង្គ) តាមរយៈប្រព័ន្ធ វីដេអូ ក្រោមប្រធានបទ«ភាពស្អិតរមួត និងការឆ្លើយតប» នាព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា នៅក្នុងបរិបទ​សកល​​ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស  អាស៊ានបង្ហាញខ្លួនយ៉ាងច្បាស់ថាជា​សហ​គមន៍មួយដែលប្រកបដោយជីវភាពបំផុត។ ដូច្នេះ ដៃគូអភិវឌ្ឍន៍ជាច្រើនបានសម្តែង​នូវ​ចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយអាស៊ាន។

សម្ដេចតេជោបន្ដថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូបែបនេះ មានសារៈសំខាន់ ណាស់សម្រាប់អាស៊ាន ក្នុងការលើកកម្ពស់ដំណើរការកសាងសហគមន៍ ជាពិសេស ក្នុង ការជម្នះនូវឧបសគ្គ និងភាពស្មុគស្មាញនានា។ សម្ដេចតេជោបន្តទៀតថា ក្នុងន័យនេះ កម្ពុជាយល់ថា គំនិតផ្តួចផ្តើមស្តីពីការបើកឡើងវិញនូវការទទួលសំណើពីប្រទេស ដែល ចាប់អារម្មណ៍ធ្វើជាដៃគូសន្ទនាថ្មីរបស់អាស៊ាន ពិតជាមានប្រយោជន៍សម្រាប់យើង។

សម្ដេចតេជោបានលើកឡើងថា កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ​ព្រុយ​ណេ និងប្រទេសជាសមាជិកដទៃទៀត លើបញ្ហានេះ ដើម្បីសម្រេចឱ្យបានលទ្ធផល​ជាវិជ្ជមាន ដោយរក្សានូវមជ្ឈភាពអាស៊ាន  (ASEAN Centrality) និងតួនាទីដឹកនាំ​របស់​យើងនៅក្នុងតំបន់។

សម្ដេចតេជោបានបន្ថែមថា កម្ពុជាផ្ដោតសារៈសំខាន់ យ៉ាងខ្លាំង​និង​យកចិត្តទុកដាក់ ក្នុងការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព នៅសមុទ្រចិនខាងត្បូង។ ចំពោះការវិវត្តថ្មីៗនៅសមុទ្រចិនខាងត្បូងបាន​បង្ហាញពីសារៈ​សំខាន់ នៃការបញ្ចប់កិច្ចចរចា COCឱ្យបានឆាប់ ដើម្បីធានាសុខសន្តិភាពនៅសមុទ្រ​ចិន​ខាងត្បូង។ ក្នុងន័យនេះ ភាគីពាក់ព័ន្ធផ្ទាល់គួរផ្តល់សារៈសំខាន់លើភាពអត់ធ្មត់ និងការ​ដោះ​ស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ រួមទាំង UNCLOs ឆ្នាំ១៩៨២។

គួរបញ្ជាក់ផងដែរថា តបតាមការអញ្ជើញរបស់ឯកឧត្ដម ង្វៀន សួនហ្វុក នាយក​រដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូល​អាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។

ស្របពេលជាមួយកិច្ចប្រជុំកំពូលនេះ សម្តេចតេ​ជោ​នាយករដ្ឋមន្រ្តី ក៏បានអញ្ជើញចូលរួម សម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នា​ឱកាសកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៦ ស្តីពីការលើកកម្ពស់ តួនាទីស្រ្តីក្នុងយុគសម័យ​ឌីជីថល កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន កិច្ចប្រជុំថ្នាក់​ដឹក​នាំអាស៊ាន ជាមួយតំណាងយុវជនអាស៊ាន និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាង​ក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ានផងដែរ៕

ដោយ ជឹម ណារី