អភិបាលខេត្តកំពត ជំរុញដល់ក្រុមហ៊ុន សូមពន្លឿនការសាងសង់ផ្លូវបេតុងមួយនេះឱ្យបានឆាប់រហ័សបំផុត

AKP កំពត ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ 

ដោយមើលឃើញថា ការសាងសង់ផ្លូវជាតិលេខ៣ ចាប់ពីផ្លូវរថភ្លើងក្រុងកំពត មកដល់ ភ្លើងស្តុបផ្សារសាមគ្គីទីរួមខេត្តកំពត មានការយឺតយ៉ាវបង្កឱ្យមានការកកស្ទះពិបាកធ្វើដំណើរ និងប៉ះពាល់ដល់ការប្រកបមុខរបររបស់ប្រជាពលរដ្ឋរស់នៅជាប់ដងផ្លូវ ឯកឧត្តមអភិបាល ខេត្ត បានចុះទៅជំរុញដល់ក្រុមហ៊ុនសូមពន្លឿនការសាងសង់ឱ្យរួចរាល់យ៉ាងឆាប់រហ័សបំផុត និងប្រកបដោយស្តងដារបច្ចេកទេសត្រឹមត្រូវ។

មានប្រសាសន៍នៅក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានស្ថាបនាសាងសង់ផ្លូវជាតិលេខ៣ (ផ្លូវបេតុង) ចាប់ពីចំណុច ផ្លូវរថភ្លើងក្នុងក្រុងកំពតមកដល់ចំណុចស្តុបផ្សារ សាមគ្គីទីរួម ខេត្តកំពត នៅរសៀលថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា គម្រោងស្ថាបនាផ្លូវជាតិលេខ៣ចាប់ពីភ្លើងស្តុបផ្លូវ បំបែកផ្សារសាមគ្គី ទីរួមខេត្តកំពត ទៅដល់ផ្លូវរថភ្លើង គឺជាគម្រោងផ្លូវបេតុងសរសៃដែក មានប្រវែង .១០០ម៉ែត្រ ទទឹង ១២,៨ម៉ែត្រ កម្រាស់ ,៤តឹក (,២៤ម៉ែត្រ) ដាំដើមឈើសងខាងផ្លូវ រៀបចំខឿនការ៉ូឡា អមសងខាងផ្លូវប្រវែង២ម៉ែត្រ។

ក្រោយពីចាប់ផ្តើមសាងសង់អស់រយៈពេលមួយខែ ក្រុមហ៊ុនទទួលការសាងសង់ CRBC ហាក់មិនសូវបានប្រឹងប្រែង និងរកវិធីសាស្ត្រដើម្បីពន្លឿនការសាងសង់នោះទេ ធ្វើឱ្យ ផ្លូវសំខាន់ដ៏មមាញឹកមួយនេះមានការកកស្ទះចរាចរណ៍នៅចំណុចសាងសង់ស្ទើររាល់ថ្ងៃ ហើយការប្រកបមុខរបរ រកទទួលទានរបស់ប្រជាពលរដ្ឋរស់នៅជាប់ផ្លូវទៀតសោត ក៏ពិបាក ផងដែរ។

ដោយសារតែករណីយឺតយ៉ាវនេះហើយទើប ឯកឧត្តម ជាវ តាយ បានជំរុញឱ្យក្រុម ហ៊ុន CRBC ពន្លឿនដល់ដំណើរការសាងសង់ឱ្យបានឆាប់រហ័ស ដើម្បីកុំឱ្យបង្កផលប៉ះពាល់ ដល់ការធ្វើដំណើរ ឬការងាររកស៊ីរបស់ប្រជាពលរដ្ឋ ក៏ដូចជាការបាត់បង់សោភណភាព និង ខូចសណ្តាប់ធ្នាប់នៅដងផ្លូវក្នុងក្រុងយូរពេក។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានស្នើដល់ក្រុមហ៊ុនចំនួន៣ចំណុចគឺ ទី១. សូមឈប់ប្រើស៊ីម៉ង់ត៍ក្រឡុកដោយដៃ ត្រូវប្រើស៊ីម៉ង់ត៍ក្រឡុកដោយម៉ាស៊ីនស្វាយប្រវត្តិ ហើយពេលថ្ងៃរៀបចំដំឡើងសរសៃរដែក ពេលល្ងាចចាក់ប៉េតុងរហូតដល់យប់, . ត្រូវកំណត់ ក្នុងមួយថ្ងៃសាងសង់ឱ្យបានប្រវែង១០០ម៉ែត្រលើទំហំមួយចំហៀងផ្លូវ ឬសាងសង់ឱ្យរួចរាល់ មួយជំហៀងផ្លូវ ក្នុងរយៈពេល១០ថ្ងៃ និងទី៣. សូមជួយដាក់ប្រព័ន្ធលូបង្ហូរទឹកថ្មីនៅតាម បណ្តោយផ្លូវបេតុងសរសៃដែកមួយខ្សែនេះផង។

ឯកឧត្តម ជាវ តាយ បានបញ្ជាក់បន្ថែមថា រយៈពេល១០ថ្ងៃក្រោយ នឹងចុះមកពិនិត្យ មើលលទ្ធផលនៃការសាងសង់ផ្លូវបេតុងសរសៃដែកនេះម្តងទៀត ហើយសង្ឃឹមថា ក្រុមហ៊ុន អាចធ្វើបានតាមការស្នើរបស់រដ្ឋបាលខេត្ត៕

ដោយ ប្រាក់ លាង