កម្មវិធីយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីចរាចរណ៌ផ្លូវគោក នៅខេត្តព្រះវិហារ

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានរៀបចំកម្មវិធី យុទ្ធនាការអប់រំ ផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ស្ថិតក្នុងបរិវេណសាលាស្រុករវៀង ក្នុងឃុំ របៀបខេត្តព្រះវិហារ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន  និងជាអគ្គលេខាធិការនៃគណះកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណះអភិបាលខេត្ត លោក ហោ គឹមឡុង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។

ថ្លែងនៅក្នុងកម្មវិធីយុទ្ធនាការអប់រំ និងផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ស្ថិតក្នុងបរិវេណសាលាស្រុករវៀង លោក ហោ គឹមឡុង បានបញ្ចាក់ថាដើម្បីពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវអោយយកចិត្តទុកដាក់ខ្ពស់ និងចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយស្ថិតមកនៅកម្រិតទាប។និងដើម្បីឆ្លើយតបទៅនិងផែនការសកម្មភាពទាំង ០៨ចំណុច របស់គណះកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏ដូចជាលេខាធិការដ្ឋាន សុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានធ្វើការបើកវគ្គអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ទន្ទឹមនិងនោះ លេខាធិការដ្ឋានសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្តបានចុះធ្វើការឃោសនា ព្រមទាំងចែកសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ខិត្តប័ណ្ណ ផ្ទាំងរូបភាពសុវត្តិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋ អ្នកបើកបរយានយន្ត នៅតាមទីសាធារណះ សាលារៀន អង្គភាពស្ថាប័ននានា និងតាមបណ្តាក្រុងស្រុក ព្រមទាំងបានចែកជូននៅមួកសុវត្តិភាពរហូតមកដល់ពេលនេះអស់ចំនួន ១៦៦៧មួក (តាមរយះសំនួរចម្លើយ ) ក្នុងនោះមួកសុវត្តិភាពសំរាប់កុមារចំនួន ៣០មួក ចំពោះមួកសុវត្តិភាពមួយចំនួនក៏មានការចូលរួមឧបត្ថម្ភពីសំណាក់ដេប៉ូចែកចាយស្រាបៀ ហ៊្កែនប៊ើក និងសាខាក្រុមហ៊ុន ហង់ដា ព្រះវិហារផងដែរ។ដោយឡែកនៅក្នុងថ្ងៃនេះនៅសាលាស្រុករវៀង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចែកមួកជូនប្រជាពលរដ្ឋចំនួន ១៦០មួក ហើយមួកទាំងនោះក៏មានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុនលក់ត្រាក់ទ័រ សេង ទូច សាខាខេត្តព្រះវិហារចំនួន ៤០មួកផងដែរ។

ថ្លែងក្នុងពិធីនេះដែរ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណះកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវអោយបងប្អូនប្រជាបលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់នៅពេលបើកបរលើដងផ្លូវសូមអោយចេះគោរពច្បាប់ចរាចរណ៍ រាល់ការបើកបរត្រូវតែពាក់មួកសុវត្តិភាព អោយបានត្រឹមត្រូវ កុំបើកបរលើសល្បឿនដែលបានកំណត់ កុំបើកបរនៅពេលស្រវឹង និងប្រកាន់ខ្ជាប់នៅពាក្យស្លោកមួយគឺ ថ្ងៃនេះ ស្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៌៕