ប្រមុខដឹកនាំកម្ពុជា គាំទ្របេក្ខភាពប្រទេសទីម័រឡេស្តេ ចូលជាសមាជិកពេញសិទ្ធិរបស់​អាស៊ាន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០

ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-លើកទី៣៦(កិច្ចប្រជុំពេញអង្គ) តាមរយៈប្រព័ន្ធវីដេអូ ក្រោម​​ប្រធានបទ«ភាពស្អិតរមួត និងការឆ្លើយតប» នាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង និងទន្ទឹងរង់ចាំការដាក់បញ្ចូលទីម័រឡេស្តេ ជាមាជិកពេញសិទ្ធរបស់អាស៊ាន។ ម្ដេចតេជោនាយករដ្ឋមន្ត្រីបាន​ថ្លែងថា សមាជិកភាពរបស់ទីម័រឡេស្តេ មិនត្រឹមតែមានសារៈសំខាន់ជា យុទ្ធសាស្រ្តសម្រាប់យើងក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការសម្រេចក្តីសុបិន្តរបស់បិតាស្ថាបនិកអាស៊ាន ក្នុងការបង្រួបបង្រួមប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយរដ្ឋាភិបាលទីម័រឡេស្តេ ក្រោមឆ័ត្រអាស៊ានផងដែរ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា “ក្នុងស្មារតីនេះ យើងគួរបន្ត ធ្វើការយ៉ាងជិតស្និទ្ធសំដៅជួយ ដើម្បីដោះស្រាយរាល់បញ្ហាធំៗដែលប្រទេសនេះ កំពុងជួបប្រទះបំពេញរាល់នីតិវិធី និងលក្ខខណ្ឌតម្រូវចាំបាច់នានា ឱ្យបានឆាប់។ ពាក់ព័ន្ធ និង ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍នៅតែជារបៀបវារៈសំខាន់សម្រាប់អាស៊ាន ក្នុងការកសាង សហគមន៍ដែលប្រកាន់យកប្រជាជនជាស្នូល (People-centered community)នោះ

សម្ដេចតេជោបាន កត់សម្គាល់ដោយក្ដីរីករាយដែលអាស៊ានសម្រេចបានប្រមាណ ជាង៨៤ភាគរយ នូវការអនុវត្តផែនការលើកទី៣ នៃការផ្តួចផ្តើមសមាហរណកម្មអាស៊ាន ហើយសម្ដេចក៏បានលើកទឹកចិត្តឱ្យមានការសម្របសម្រួលបន្ថែមទៀត ដើម្បីពន្លឿនការអនុវត្តសកម្មភាពដែលនៅសេសសល់ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏មានក្តីសោមនស្សផងដែរ ចំពោះវឌ្ឍនភាពល្អប្រសើរនៃ ការ អនុវត្ត ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ (MPAC ២០២៥។ ក្នុងស្មារតីនេះ កម្ពុជាបន្តលើកទឹកចិត្តឱ្យមានការចូលរួមប្រកបដោយបុរេសកម្ម ជាមួយតួអង្គពាក់ព័ន្ធ ទាំងអស់ ដើម្បីផ្ដល់ការគាំទ្របន្ថែមទៀត ដល់ការអនុវត្ត MPAC ២០២៥ ដែលនឹងឈាន ទៅដល់ការសម្រេចនូវការតភ្ជាប់អាស៊ានទាំងមូល។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែង សង្កត់ធ្ងន់លើសារៈសំខាន់ នៃការតភ្ជាប់ផ្នែកឌីជីថល និងសេដ្ឋកិច្ចឌី ជីថល ដោយសម្ដេច បានគូសបញ្ជាក់ថា  ឌីជីថលភាវូបនីយកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុង ការប៉ះប៉ូវ ផលិតភាព ដែលបាត់បង់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាក់ស្តែង ក្នុង វិស័យនេះ យើងអាចមើលឃើញសក្តានុពលយ៉ាងធំ ពីទីផ្សារ និងកម្លាំងពលកម្ម ដែលមិន ទាន់ត្រូវបានចាប់យកមកប្រើប្រាស់ឱ្យបានពេញលេញនៅឡើយ។ ជាងនេះទៅទៀត  ការរំខានដែលបណ្តាលមកពីការរីករាលដាលនៃជំងឺនេះ បានធ្វើឱ្យយើងដឹងពីតម្រូវការចាំបាច់សម្រាប់អាស៊ាន ក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក៏ដូចជាការគាំទ្របន្ថែមដល់សមាហរណកម្មសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់ ស្របពេលដែលអាស៊ានកំពុង ប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទនៃជំងឺនេះ៕

ដោយ ជឹម ណារី