ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន បាន​ជាង៤ពាន់​ករណី និងឃាត់ខ្លួនជនសង្ស័យជិត៩ពាន់នាក់

AKP ភ្នំពេញ  ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០–

មន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនបានលើក ឡើងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០កន្លងមកនេះសមត្ថកិច្ចបានបង្រាបបទល្មើស​គ្រឿង​ញៀនបានជាង៤ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យជិត៩ពាន់នាក់។

ក្នុងពិធីដុតបំផ្លាញគ្រៀងញៀននាឱកាសអបអរសាទទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២០នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​កោះពេជ្រ ឯកឧត្ដម នាយឧត្តសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋាន​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានគូសបញ្ជាក់ថា ក្នុងរយៈពេល៥ខែ ដើម​ឆ្នាំ២០២០​នេះ កាអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំគ្រឿងញៀនខុសច្បាប់លើកទី៥ (ពីថ្ងៃទី០១ខែមករា ដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២០) របស់រាជរដ្ឋាភិបាលត្រូវ​បានចាត់​តាំងអនុវត្តន៍យ៉ាងសកម្មនូវវិធានការគន្លឹះទាំង៥ រួមមាន៖ វិធានការអនុវវត្តន៍ច្បាប់ ដោយ​បង្ក្រាបបាន៤,៥១០ករណី  ឃាត់ខ្លួនជនសង្ស័យបាន៨,៩២៧នាក់ រឹបអូសគ្រឿងញៀន​បានជាង២០៩គីឡូក្រាម។

ចំពោះវិធានការអប់រំផ្សព្វផ្សាយ ដោយបានគ្រប់ដណ្តប់​ទៅលើ​អ្នកមកទទួលយកសាអប់រំចំនួនជាង២លាន១សែននាក់។ ទន្ទឹមនេះ វិធានការព្យាបាល និង​ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនគ្រប់គ្រងបានអ្នកប្រើប្រាស់ និងអ្នកញៀន​គ្រឿង​ញៀនចំនួន១ម៉ឺននាក់។

ឯកឧត្ដម នាយឧត្តសេនីយ៍បានបន្ថែមថា វិធានការដ្ឋបាលអនុវត្តន៍​បានចំនួន​៦០៥​លើក លើ៩គោលដៅ និងបានធ្វើតេស្តរកសារធាតុញៀន លើមុខសញ្ញាមានតម្រុយ​ប្រើ​ប្រាស់គ្រឿងញៀនមួយចំនួនធំថែមទៀត។

ជាមួយគ្នានេះដែរ ក្នុងទិវាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​សម្ដេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បាន​អំពាវ​នាវឱ្យ​មាតាបិតា និងអាណាព្យាបាល បន្តយកចិត្តទុកដាក់ថែទាំ និងអប់រំកូនចៅឱ្យ​បានល្អ ដើម្បី​ឱ្យពួកគេលូតលាស់ធំធាត់ ប្រកបដោយសុខភាព និងសុវត្ថិភាព ចៀស​ផុត​ពី​បញ្ហាគ្រឿង​ញៀន បញ្ហាកូវីដ-១៩ និងបញ្ហាអវិជ្ជមានក្នុងសង្គមផ្សេងៗទៀត៕ ដោយ៖ប៊ុនរិទ្ធ