សម្តេចក្រឡាហោម ប្រាប់ភាគីជប៉ុនថា កម្ពុជាបានយកចិត្តទុកដាក់ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ទន្ទឹមនឹងការគិតគូរស្តារសេដ្ឋកិច្ចឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០–

នៅចំពោះមុខឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា កម្ពុជាបានយកចិត្តទុកដាក់ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបាននិងកំពុងកើតមានឡើងក្នុងពេលបច្ចុប្បន្ននេះ ទន្ទឹមនឹងការគិតគូរស្តារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ។

សម្តេចក្រឡាហោម បានលើកឡើងបែបនេះ គឺធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ ។

ក្នុងជំនួបនោះ សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា ជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការអនុវត្តនូវគោលនយោបាយ លើការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩ នេះ។

សម្តេចក្រឡា ហោមបន្តថា កម្ពុជាមិនរង់ចាំដល់ជំងឺនេះចប់ទើបគិតគូរស្តារសេដ្ឋកិច្ចនោះទេ ប៉ុន្តែយើងក៏គិតគូរដល់ការស្តារសេដ្ឋកិច្ចក្នុងពេលដំណាលគ្នាតែម្តង ។

ជាការឆ្លើយតប ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានកោតសរសើរចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញជាបន្តបន្ទាប់នាពេលកន្លងមកពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះ ។ ក្នុងនោះឯកឧត្តម សូមថ្លែងអំណរគុណក្រសួងមហាផ្ទៃ ជាពិសេសសម្តេចក្រឡា ហោម ដែលតែងតែជួយសម្រួលលើបញ្ហា និងសំណូមពរផ្សេងៗរបស់ស្ថានទូត ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ ដូចជាបញ្ហាទិដ្ឋាការរបស់ពលរដ្ឋជប៉ុន ដែលកំពុងតែរស់នៅប្រទេសកម្ពុជា ជាដើម។

ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានបន្តថា អ្វីដែលកម្ពុជាបានធ្វើនេះគឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋជប៉ុននៅកម្ពុជា ហើយក៏ជាការបញ្ជាក់ឱ្យឃើញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរផងដែរ ៕ដោយចាន់ សុធីវង្ស