ក្រសូងបរិស្ថាន ប្រជុំក្រុមការងារកំណត់ សា្ថនីយបុរាណនៅតាមតំបន់ភ្នំនៅក្នុង និងក្រៅតំបន់ការពារធម្មជាតិ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០–

នៅទីស្តីការក្រសួង លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសូងបរិស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំក្រុមការងារកំណត់សា្ថនីយបុរាណនៅតាមតំបន់ភ្នំ នៅក្នុង និងក្រៅតំបន់ការពារធម្មជាតិ ដើម្បីរក្សាទុកជាតំបន់អភិរក្សបេតិកភណ្ឌ ។

យោងលើអត្ថបទព័ត៌មានដែលផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា កិច្ចប្រជុំនោះបានផ្តោតសំខាន់លើ៖ ទី១-ពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិចំនួនពីរគឺ ភ្នំទទុង និងភ្នំគុហារហ្លួង ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពត ។ ទី២-ពិភាក្សា និងកំណត់យកទីតាំងខេត្តដែលត្រូវបន្តចុះកំណត់សា្ថនីយបុរាណ បន្ទាប់ពីខេត្តកំពត។

ប្រភពខាងលើបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០១៨ ទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈលិខិតលេខ ១៣៤៥ សជណ.កស បានអនុញ្ញាតឱ្យក្រសួងបរិស្ថានដឹកនាំ និងសម្របសម្រួលការសិក្សាកំណត់ព្រំប្រទល់ កសាងផែនទី និង រៀបចំកសាងសេចក្តីព្រាងអនុក្រឹត្យស្តីពីតំបន់បេតិកភណ្ឌធម្មជាតិ និង វប្បធម៌ដែលរួមបញ្ចូលស្ថានីយបុរាណ បុរាណស្ថាន និងទីសក្ការ:បូជាទាំង ១៧៣កន្លែង ព្រមទាំងទីតាំងដទៃទៀតដែលស្ថិតនៅតាមតំបន់ភ្នំ នៅក្នុងនិងក្រៅតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា ដើម្បីឈានទៅដល់ការចុះបញ្ជីដីសាធារណៈរបស់រដ្ឋ៕ដោយ៖ពេជ្រ ណារិទ្ធ