រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សំណេះសំណាលជាមួយមន្រ្តីរាជការបុគ្គលិកនៃមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី

AKP មណ្ឌលគិរី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០–

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និង បុគ្គលិកនៃមន្ទីរធម្មការ និង សាសនាខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ឯក ឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ដែលប្រព្រឹត្តទៅនៅមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី ។

ឯកឧត្តម ឈិត សុខុន បានផ្តល់អនុសាសន៍មួយចំនួនដូចជា ទី១. ត្រូវពិនិត្យមើលច្បាប់បទបញ្ញត្តិរបស់ក្រសួង និងលិខិតបទដ្ឋានផ្សេងៗ ដើម្បីឱ្យមានភាពច្បាស់លាស់ និងប្រសិទ្ធភាព និងការអភិវឌ្ឍ។ ទី២. ត្រូវបន្តធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាព ធនធានមនុស្ស និងអភិវឌ្ឍន៍ ដើម្បីពង្រឹងការងារឱ្យកាន់តែមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ទី៣. រៀបចំកែសម្រួលប្រព័ន្ធរដ្ឋបាលហិរញ្ញវត្ថុរបស់មន្ទីរឱ្យបានសមស្រប និងមានប្រសិទ្ធភាព។ ទី៤. រៀបចំឱ្យមានផែនការយុទ្ធសាស្រ្តសម្រាប់ផែនការអនុវត្តន៍របស់មន្ទីរ រយៈពេលខ្លី មធ្យម និងរយៈពេលវែង។ ទី៥. ត្រូវគោរពប្រតិបត្តិបទបញ្ជាផ្ទៃក្នុង របស់មន្ទីរធម្មការ និងសាសនា។ ទី៦.ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងបំពេញការងារត្រូវតាមឋានានុក្រម ។ ទី៧. ត្រូវមានការទំនាក់ទំនងសហការល្អជាមួយនឹងមេគណ អនុគណ មេដឹកនាំសាសនាផ្សេងៗ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា​ បន្ថែមលើនេះ ខេត្តមណ្ឌលគិរី គឺជាខេត្តសម្បូរធនធានធម្មជាតិគ្រប់ប្រភេទ ជាពិសេសព្រៃឈើ និងសត្វព្រៃ គម្បីមន្ទីរធម្មការ និងសាសនា គួរជំរុញ និងចូលរួមអភិរក្ស ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កើនប្រភពចំណូលជូនប្រជាពលរដ្ឋ។ ឯកឧត្តម បានក្រើនដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះរលកទី២នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលក្រសួងសុខាភិបាល ក៏ដូចជាបណ្តាប្រទេសនានា មានការព្រួយបារម្ភ និងស្នើសុំមន្ទីរធម្មការ និងសាសនាខេត្ត បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះធ្វើការអប់រំណែនាំ និងតាមដាមការអនុវត្តវិធានការបង្ការទប់ស្កាត់នានា តាមវត្តអារាម ព្រះវិហារ គ្រប់សាសនា កន្លែងថ្វាយបង្គំ ដើម្បីធានាឱ្យបាននូវសុខុមាលភាព ពុទ្ធសាសនិក ដូចជាប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះដែរ សូមឱ្យមន្ត្រីនៃមន្ទីរធម្មការ និងសាសនា ត្រូវអនុវត្តន៍នូវអភិបាលកិច្ចល្អ តាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានអភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែរ ព្យាបាល និងវះកាត់។

តាមរបាយការណ៍របស់ លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឱ្យដឹងថា នៅទូទាំងខេត្តមណ្ឌលគិរី ព្រះពុទ្ធសាសនា មានវត្តអារាមចំនួន ៣០វត្ត ព្រះសង្ឃសរុបចំនួន ២៨០អង្គ ក្នុងនោះ គណៈមហានិកាយចំនួន២២វត្ត ព្រះសង្ឍ ១៤៩អង្គ, គណៈធម្មយុត្តិកនិកាយ មានវត្តចំនួន ៨វត្ត ព្រះសង្ឍ ៥៩អង្គ។ គ្រិស្តសាសនា មានវិហារចំនួន ១១កន្លែង ស្នាក់ការថ្វាយបង្គំមានចំនួន ២០កន្លែង, ឥស្លាមសាសនា មានវិហារ ៥កន្លែង, ស៊ូរ៉ាវ ១៣ កន្លែង, មានសាលាពុទ្ធិបឋមសិក្សាចំនួន ១២កន្លែង និងសាលាធម្មវិន័យ ២កន្លែងផងដែរ៕ ដោយ៖ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)