កំពែងក្រុងអង្គរធំចំនួន៧កន្លែង ត្រូវបានជួសជុលពង្រឹងផុតពីគ្រោះថ្នាក់

AKP​ សៀមរាប ថ្ងៃទី​​​២៦ ខែ​មិថុនា ឆ្នាំ២០២០–

កំពែងក្រុងអង្គរធំចំនួន ៧កន្លែង ក្នុងចំណោម១៨កន្លែងដែលរងការខូចខាតដោយគ្រោះធម្មជាតិ បរិយាកាស អាយុកាលថ្ម រចនាសម្ព័ន្ធសំណង់ទ្រុឌទ្រោម និងដីកណ្តៀរ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងឱ្យរួចផុតពីគ្រោះថ្នាក់ហើយ ។ ដោយការជួសជុលនេះធ្វើឡើងក្នុងគោលបំណងអភិរក្ស និងពង្រឹងកំពែងក្រុងអង្គរធំឱ្យកាន់តែរឹងមាំដើម្បីរក្សាសោភណភាពកំពែង និងខ្លោងទ្វារអង្គរធំទាំងអស់ឱ្យនៅគង់វង្សយូរអង្វែង។ ការជួសជុលនេះដែរបានប្រព្រឹត្តទៅ ៣ដំណាក់កាលផ្សេងៗគ្នា ចាប់ផ្តើមតាំងពីឆ្នាំ២០១៤មកម្ល៉េះ ដោយសម្រេចបានប្រវែង ១៣៥ម៉ែត្រហើយប្រើប្រាស់ថវិកាជាតិទាំងស្រុង។

លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលកំពែងក្រុងអង្គរធំ និងជាមន្ត្រីនាយដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ថា អាជ្ញាធរជាតិអប្សរាបានរើសយកកន្លែងដែលមានហានីភ័យខ្ពស់មកជួសជុលមុន ព្រោះកន្លែងទាំងនោះបានរងផលប៉ះពាល់ខ្លាំងដោយធម្មជាតិ។

រីឯការជួសជុល ក្រុមការងារបានផ្តោតសំខាន់លើបច្ចេកទេសការរៀបជញ្ជាំងថ្មបាយក្រៀមឡើងវិញ ពីមួយស្រទាប់ទៅមួយស្រទាប់ ការបុកបង្ហាប់ដីឱ្យមាំ ដើម្បីពង្រឹងកំពែងឱ្យមានសុវត្ថិភាពខ្ពស់ការពារការជ្រាបទឹក បង្កើនគុណភាពសំណង់ សោភណភាព ដោយរក្សាទម្រង់ដើមនៃកំពែង និងស្រាវជ្រាវប្រវត្តិនៃការជួសជុលពីអតីតកាល។ មិនតែប៉ុណ្ណោះ អាជ្ញាធរជាតិអប្សរាក៏បានគិតគូរផងដែរពីសុវត្ថិភាពសំណង់ដើម្បីរក្សាភាពគង់វង្ស ដោយការធ្វើជម្រាលទឹកហូរ និងដាំស្មៅតាមជើងទេរដើម្បីទប់ការហូរច្រោះ។

លោក ម៉ៅ សុខនី បានឱ្យដឹងទៀតថា ចំពោះការជួសជុលកំពែងអង្គរធំនេះគឺត្រូវការពេលវេលាច្រើន ព្រោះត្រូវការសិក្សាស្រាវជ្រាវពីរចនាសម្ពន្ធសំណង់ ប្រវត្តិជួសជុល និងចំណុចដែលមានហានីភ័យខ្ពស់។ ពិសេសគឺពេលជួសជុលទាមទារត្រូវគោរពតាមធម្មនុញ្ញ អង្គរ ការចុះតាមដានការងារ និងវាយតម្លៃពីអ្នកជំនាញគណៈកម្មការស៊ីស៊ី-អង្គរ រួមទាំងការថែទាំ ការទល់ទ្រ កាត់ក្រីមែកឈើ និងដករុក្ខជាតិដែលដុះលើជញ្ជាំងកំពែងទៀតផង។

ចំពោះផែនការអនាគត អាជ្ញាធរជាតិអប្សរាមានគម្រោងជួសជុលកំពែងអង្គរធំដែលរងនូវគ្រោះថ្នាក់ទាំងអស់ឱ្យមានសុវត្ថិភាពតាមរយៈការអភិរក្សជាជំហានៗដើម្បីលើកតម្លៃមរតកដូនតាឱ្យនៅយូរអង្វែង ៕ដោយ៖ហង្ស សៀក