គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី គ្រោងបញ្ចប់ឱ្យរួចរាល់​ នៅខែមិនា ឆ្នាំ២០២៣ ដោយប្រើពេលវេលារយៈពេល ៣៦ខែ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០–

ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនសាងសង់ បាន​កំពុងចាប់ផ្តើមដំណើរការសាងសង់អាកាស​យាន​ដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០ មក និងគ្រោង​បញ្ចប់​ការសាង​សង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេល​វេលាទាំងអស់សរុប៣៦ ខែ។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ក្នុងពិធីចុះហត្ថលេខាលើផែនការមេចុងក្រោយ នៃគម្រោងសាងសង់ អាកាសយាន​ដ្ឋាន​អន្តរជាតិសៀមរាបអង្គរថ្មី (AIAI) កាលពីព្រឹកថ្ងៃពុធ ៤ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។ យោងតាមរដ្ឋលេខា​ធិ​ការ​ដ្ឋាន​អាកាសចរណ៍ស៊ីវិល។

ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា ចំពោះដំណើរការសាងសង់ ក្រុមហ៊ុនបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេស និង រចនាបថអាកាសយានដ្ឋាន។

សូមបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែល​ដំណើរការសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment ដោយប្រើពេល​វេលា​រយៈពេល៣៦ខែ ចាប់ផ្ដើមពីឆ្នាំ២០២០ រហូតបញ្ចប់ការ​សាងសង់ឱ្យរួចរាល់នៅឆ្នាំ២០២៣​ខាងមុខ៕ ដោយ៖រិទ្ធី