គ្រូបង្គោលអគ្គិសនីកម្ពុជាថា កូនក្រុមហាត់សមកម្លាំងបានល្អជាងមុន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០–

គ្រូបង្គោលក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា លោក មាស សំអឿន អះអាងនៅក្នុងពេលបង្វឹកកូនក្រុមរបស់ខ្លួន កាលពីល្ងាចថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា ការហ្វឹកហាត់ និងប្រកួតសមជើង២ប្រកួតកន្លងមកនេះ នឹងបង្កើនគុណភាពបច្ចេកទេសកូនក្រុមរបស់លោកបានល្អប្រសើរជាមុន ដើម្បីត្រៀមការប្រកួតលីគកំពូល នាសប្តាហ៍ទី៦ឡើងវិញ នាថ្ងៃទីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ដោយទទួលក្រុមភ្ញៀវ អង្គរថាយហ្គឺរ នៅទឹកដីអគ្គិសនីកម្ពុជា ស្ថិតនៅសង្កាត់ទួលសង្កែ រាជធានីភ្នំពេញ។

ក្រុមបាល់ទាត់ ដែលប្រើប្រាស់យុវជនខ្មែរសុទ្ធមួយនេះមិនរំពឹងខ្ពស់ថា នឹងអាចចូលរួមប្រកួតប្រជែងក្នុងចំណោមក្រុមខ្លាំងទាំង៦ ពីលេខ១ ដល់លេខ៦ បន្ទាប់ពីបញ្ចប់ជើងទី១នោះឡើយ ដោយលោកគ្រូ មាស សំអឿន ថានេះជាការដឹកនាំរបស់លោកនៅឆ្នាំដំបូង បន្ទាប់ពីគ្រូបង្គោលចាស់ លោក ប្រាក់ វុទ្ធី ដែលលោកអាចឈរជើងត្រឹមលេខ៧ ឬលេខ៨ នៃក្រុមសរុបចំនួន១៣។ លោកបន្ថែមថា សម្រាប់ការរៀបចំក្រុមបន្តនៃលីគកំពូល រដូវកាល២០២០នេះ លោកបានព្យាយាមជួសជុសផ្លាស់ប្តូរទីតាំងកីឡាករមួយចំនួន ដើម្បីឱ្យសាច់បាល់ល្អប្រសើរច្រើនជាងមុន។

សូមរម្លឹកថា ឆ្លងកាត់៤ប្រកួតកន្លងមក ក្រុមអគ្គិសនីកម្ពុជាឈ្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់ពីរប្រកួតមាន៤ប្រកួត ឈរនៅចំណាត់ថ្នាក់លេខ៩បណ្តោះអាសន្ន ខណៈដៃគូប្រកួតនាសប្តាហ៍ទី៦ គឺក្រុមអង្គរថាយហ្គឺ លេងបាន៥ប្រកួត ឈ្នះ២ប្រកួត ស្មើ២ប្រកួត និងចាញ់១ប្រកួត មាន៨ពិន្ទុ ឈរលេខរៀងទី៤ បណ្តោះអាសន្ន៕ ដោយ៖ហេង ណាលីន