អង្គការ WCS ទទួលអណ្តើកហ្លួង ដែលជិតផុតពូជ ពីក្រសួងបរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០–

នាព្រឹកថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ អង្គការ WCS បានទទួលអណ្តើកហ្លួងចំនួនពីរក្បាល (ញីមួយក្បាលទម្ងន់ ២០គីឡូក្រាម និងឈ្មោលមួយក្បាលទម្ងន់ ១៥គីឡូក្រាម) ដែលជាប្រភេទជិត​ផុត​ពូជបំផុត ពីក្រសួងបរិស្ថាន ដើម្បីយកទៅលែងចូលក្នុងទីជម្រកធម្មជាតិវិញ។

អណ្តើក​ទាំង​ពីរក្បាលនេះ ត្រូវឈ្មួញចាប់​យកមកលក់នៅម្តុំគល់ស្ពានស្រែអំបិល ខេត្តកោះកុង និងត្រូវ​បាន​លោក​ស្រី ឡាយ ផុនថេង ធ្វើដំណើរកម្សាន្តឆ្លងកាត់ទៅកាន់ខេត្តកោះកុង នាំយក​មក​ប្រគល់ជូនក្រសួងបរិស្ថាន។

បន្ទាប់ពីបានផ្ទៀងផ្ទាត់​មើលលេខសម្គាល់អត្តសញ្ញាណនៅលើបន្ទះឈីប (Micro chip)ដែលបានបង្កប់នៅក្នុងជើងខាងស្តាំរបស់វាមក អង្គការ WCS បានបញ្ជាក់ថា អណ្តើកហ្លួងទាំងពីរនេះត្រូវបានអង្គការ WCS សហការជាមួយរដ្ឋ​បាលជលផល យកទៅចិញ្ចឹមថែទាំនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ដោយអណ្តើកឈ្មោលបានកើតក្នុងខែឧសភា ឆ្នាំ២០០៦ និងអណ្តើកញីបានកើតក្នុងខែឧសភា ឆ្នាំ២០១០ និងបាន​លែងវាចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិលវិញ ដោយអណ្តើកឈ្មោលបានលែងនៅក្នុងខែកក្កដា ឆ្នាំ២០១៥ និងអណ្តើកញីបានលែងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។

អង្គការ WCS និងដៃគូ​ជា​ច្រើនកំពុងធ្វើការរួមគ្នាដើម្បីទប់ស្កាត់ការចាប់ និងការជួញដូរខុសច្បាប់នូវប្រភេទ​អណ្តើកជិតផុតពូជនានាក្រោមគម្រោង «ដៃគូប្រយុទ្ធប្រឆាំងបទល្មើសសត្វព្រៃគាំទ្រដោយ​សហភាពអឺរ៉ុប»។

ពិធីប្រគល់-ទទួលនេះបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខា​ធិការ​ក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនៃក្រសួងបរិស្ថាន៕ ដោយ៖ណយ នឿន (ប្រភពៈ WCS)