សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ផលប៉ះពាល់អវិជ្ជមានពីការរីករាលដាលនៃជំងឺកូវីដ-១៩ចំពោះសេដ្ឋកិច្ច និងសង្គមកម្ពុជានៅបន្តអូសបន្លាយ ជាមួយនឹង ភាពមិនប្រាកដប្រជាខ្ពស់

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្រាប់កម្ពុជា ទោះបីជាអាចគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ក្នុងការទប់ស្កាត់ការឆ្លងក្នុងប្រទេស និងការនាំចូលជំងឺពីក្រៅប្រទេស តាមរយៈការដាក់ចេញនូវវិធានការហ្មត់ចត់និងតឹងរ៉ឹង ក៏ប៉ុន្តែផលប៉ះពាល់អវិជ្ជមានពីការរីករាលដាលនៃជំងឺកូវីដ-១៩ចំពោះសេដ្ឋកិច្ច និងសង្គមកម្ពុជានៅបន្តអូសបន្លាយ ជាមួយនឹងភាពមិនប្រាកដប្រជាខ្ពស់។

ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩» នាព្រឹកថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យ និងវាយតម្លៃសភាពការណ៍ជាប្រចាំ ដើម្បីជួយរក្សាលំនឹងអាជីវកម្ម ទ្រទ្រង់ជីវភាពរស់នៅរបស់កម្មករ និយោជិត ក៏ដូចជាទ្រទ្រង់ប្រាក់ចំណូលរបស់ប្រជាជន ដោយឈរលើគោលការណ៍«ជួយធ្វើអន្តរាគមន៍លើវិស័យ និងប្រជាពលរដ្ឋដែលទទួល រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត»។

សម្ដេចតេជោបានគូសបញ្ជាក់ថា ជាក់ស្តែង នៅក្នុងវិស័យសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានដាក់ចេញ វិធានការអន្តរាគមន៍ចំនួន ៤ ជុំ រួចមកហើយតាមរយៈការអនុគ្រោះពន្ធ ការអនុញ្ញាតឱ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព ការផ្តល់ភាពអនុគ្រោះលើលក្ខខណ្ឌឥណទាន (Credit relief) ការបង្កើន សន្ទនីយភាព (Liquidity) នៅក្នុងទីផ្សារ ការផ្ដល់ប្រាក់ឧបត្ថម្ភ រយៈពេល ២ ខែសម្រាប់កម្មករ-បុគ្គលិក ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ និងការរៀបចំគម្រោងហិរញ្ញប្បទាន សម្រាប់ទុនបង្វិល ដើម្បីបំពេញតម្រូវការរបស់រោងចក្រ សហគ្រាស និងអាជីវកម្មទាំងអស់ ដើម្បីជួយស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឡើងវិញ។ល។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគុសបញ្ជាក់ទៀតថា នៅក្នុងវិស័យសង្គមកិច្ច រាជរដ្ឋាភិបាលបានដាក់ចេញ រួចមកហើយនូវគម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងគាំទ្រកសិករដែលកម្មវិធីនេះត្រូវបានពង្រីកវិសាលភាពដល់ ១៨ ខេត្តគោលដៅនិងមានថេរវេលាអនុវត្តន៍រហូតដល់ឆ្នាំ២០២២។សម្រាប់ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានសម្រេចបង្កើនទំហំថវិកាសម្រាប់គម្រោងនេះ ពីប្រមាណជិត ៣៨ លានដុល្លារ ទៅដល់ប្រមាណ ១០០លានដុល្លារ។ ក្នុងឆ្នាំ ២០២០ គម្រោងនេះនឹងផ្តល់ជូនប្រជាពលរដ្ឋដែលបានបាត់បង់ការងារ ហើយវិលត្រឡប់ទៅស្រុកកំណើតវិញ (ទាំងពីក្នុង និងក្រៅប្រទេស) ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ នូវឱកាសទទួលបានការងាររយៈពេលខ្លី ជាមួយនឹងប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងចំនួនរហូតដល់ប្រមាណជិត ១លាននាក់។ លើសពីនេះទៀតគម្រោងនេះ ក៏នឹងជួយជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង ដើម្បីបម្រើដល់ការអភិវឌ្ឍ និងបង្កើនផលិតភាពនៅក្នុងវិស័យ កសិកម្ម និងសេដ្ឋកិច្ចជនបទ ដែលការណ៍នេះនឹងផ្តល់ប្រយោជន៍ដោយប្រយោលជូនប្រជាពលរដ្ឋរាប់លាន គ្រួសារថែមទៀត។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូបនៅទូទាំងប្រទេស បន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ដោយគោរពអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់របស់ក្រសួងសុខាភិបាល៕

ដោយ ជឹម ណារី