ក្រុមបាល់ទាត់អគ្គិសនីកម្ពុជា ប្រកួតសមជើងជាមួយក្រុមកងយោធពលខេមរភូមិន្ទ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០

ក្រុមបាល់ទាត់អគ្គិសនីកម្ពុជា បានណាត់សមជើងកម្តៅសាច់ដុំជាមួយក្រុមភ្ញៀវកងយោធពល ខេមរភូមិន្ទ កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ដើម្បីត្រៀមការប្រកួតលីគ កំពូលកម្ពុជានាថ្ងៃទី០៤-០៥ ខែកក្កដា សម្រាប់សប្តាហ៍ទី៦ ដែលជាការប្រកួតចាប់ផ្តើមឡើងវិញ ក្រោយផ្អាក ការប្រមូលផ្តុំ កាលពីខែមីនា ឆ្នាំ២០២០ ដោយសារវិបត្តជំងឺកូវីដ-១៩។

នៅក្នុងការប្រកួតសមជើងនេះ ក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា បានយកឈ្នះក្រុមកងយោធពលខេមរ ភូមិន្ទ ដោយលទ្ធផល ២ទល់០ ដែលក្លិបអគ្គិសនីកម្ពុជារក្សាការប្រើប្រាស់យុវជនខ្មែរសុទ្ធសាធ មិនប្រើកីឡា ករបរទេសឡើយ។

គ្រូបង្គោលក្លិបបាល់ទាត់អគ្គិសនីកម្ពុជា លោក មាស សំអឿន បង្ហាញនូវការប្តេជ្ញាចិត្តថា ការប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ និងការប្រកួតសមជើងនេះ ដើម្បីស្តារកម្លាំងរបស់កីឡាករឱ្យមានកម្លាំង និងបច្ចេកទេសល្អប្រសើឡើងវិញ និងបានត្រៀមខ្លួនសម្រាប់ការប្រកួតលីគកំពូល សប្តាហ៍ទី៦ ជាបន្តទៀត។ ចំពោះលោក ទេព ឡុងរចនា គ្រូបង្គោលក្លិបកងយោធពលខេមរភូមិន្ទ ក៏បានលើកឡើងនូវ ការត្រៀម ខ្លួនផងដែរ ដោយលោករំពឹងទុកថា ក្រុមរបស់លោកនឹងអាចចូល រួមក្នុងលំដាប់ទាំង៦ ដើម្បីចូលរួមប្រកួតប្រជែងជើងឯក។ ឆ្លងកាត់៤ប្រកួតរបស់ក្រុមអគ្គិសនីកម្ពុជា ឈ្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់២ប្រកួត មាន៤ពិន្ទុ ឈរនៅលំដាប់ទី៩ ខណៈ៥ប្រកួតរបស់ក្រុមកងយោធពលខេមរភូមិន្ទ ឈ្នះ២ប្រកួត ស្មើ២ប្រកួត និងចាញ់១ប្រកួត មាន៨ពិន្ទុ ឈរនៅលេខ៧បណ្តោះអាសន្ន។

សូមបញ្ជាក់ថា សម្រាប់រូបមន្តប្រកួតលីគកំពូលកម្ពុជារដូវកាល២០២០នេះ ត្រូវបានកែសម្រួល ដោយក្រោយបញ្ចប់ជើងទី១ ក្រុមដែលមានចំណាត់ថ្នាក់លេខ១ដល់លេខ៦នឹងត្រូវចូលរួម ប្រកួត ប្រជែងជើងឯក ដោយស្ថិតនៅក្នុងក្រុមទី១ ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ៧ដល់លេខ១៣ នឹងត្រូវ បន្តការប្រកួតធម្មតា។ ដូចនេះនៅសល់៧សប្តាហ៍ទៀត ឬ៧ប្រកួតទៀត ឬក្រុមខ្លះទៀតនៅសល់៨ប្រកួត គឺនឹងមានការប្រកួតដ៏ខ្លាំងក្លា ដើម្បីប្រជែងចូលរួមក្នុងក្រុមទី១ ដើម្បីដណ្តើមម្ចាស់ជើងឯកសម្រាប់លីគ កំពូលកម្ពុជារដូវកាល២០២០៕

ដោយ ហេង ណាលីន