អ្នកជំនាញអាជ្ញាធរជាតិអប្សរាប្រទះឃើញ ភាសា​សំស្រ្កឹត​នៅលើថ្មមួយផ្ទាំង ពេលដែលមន្រ្តី​រើថ្មដើម្បីដំណើរការជួសជុលប្រាសាទទន្លេស្ងួត

AKP សៀមរាប ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០

លោក  អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន អង្គរ និងបុរាណវិទ្យាបង្ការបានឱ្យដឹងថា នៅពេលដែលមន្រ្តីជំនាញ​អាជ្ញាធរជាតិអប្សរារើថ្ម ដើម្បីដំណើរការជួសជុលប្រាសាទទន្លេស្ងួត ក៏បាន​ប្រទះឃើញភាសា​សំស្រ្កឹត​ថ្មីនៅលើថ្មមួយ ផ្ទាំង ដែលតាមការកត់សម្គាល់តាមប្រភេទ និងតួអក្សរនេះ ជំនាញសន្និដ្ឋានជំហានដំបូងថា ជាភាសា​សំស្រ្កឹត ដែលចារនៅចុងសតវត្សរ៍ទី១១ និងដើមសតវត្សរ៍ទី១២ ប៉ុន្តែភាសា​សំស្រ្កឹត និងថ្មនេះ គឺមិនមែនជារបស់ប្រាសាទទន្លេស្ងួតទេ បើតាមការសិក្សាស្រាវជ្រាវ ភាសា​សំស្រ្កឹត និងថ្មនេះមានអាយុកាលមុនការកសាងទន្លេស្ងួតនេះ ប៉ុន្តែប្រហែលនៅពេលសាងសង់ទន្លេ ស្ងួតខ្វះថ្ម ទើបគេយកថ្មដែលមានជាប់ភាសា​សំស្រ្កឹតនេះ ពីតំបន់ផ្សេងមកបន្ថែម។

លោក  អ៊ឹម សុខរិទ្ធី បានបន្តថា ពេលនេះយើងមិនទាន់ដឹងថា ភាសា​សំស្រ្កឹតនេះ និយាយអំពីអ្វីនៅឡើយទេ ដោយរងចាំអ្នកជំនាញខាងភាសា​សំស្រ្កឹតធ្វើការបកប្រែសិន តែទោះជាយ៉ាងណា នេះជាវត្ថុតាំងមួយថ្មីទៀតដែលឱ្យអ្នកជំនាញបានសិក្សា និងទទួលបាន ព័ត៌មានថ្មីៗទៀតពាក់ព័ន្ធប្រវត្តិសាស្រ្តខ្មែរ។

បច្ចុប្បន្ននេះ ផ្ទាំងថ្មដែលមានភាសា​សំស្រ្កឹតនេះ ត្រូវបានយកមករក្សាទុកនៅអាជ្ញាធរ ជាតិអប្សរាជាបណ្តោះអាសន្ន ដើម្បីសម្អាត និងដើម្បីឱ្យអ្នកជំនាញធ្វើការសិក្សាសា្រវ ជ្រាវបន្ត៕

ដោយ ឃុត សៅ