បទយកការណ៍៖ នៅរាជធានីមានដើមឈើ ប្រមាណជាជាង៥ម៉ឺនដើម

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០

ដើមឈើក៏អាចជាសម្បត្តិរតនភណ្ឌបៃតងមួយនៅរាជធានីភ្នំពេញផងដែរ ដោយនៅពេលបច្ចុប្បន្ននេះ នៅទូទាំងរាជធានីដែលមានផ្ទៃក្រឡា ៦៩២, គីឡូម៉ែត្រក្រឡា មានដើមឈើប្រមាណជាជាង ៥ម៉ឺនដើម

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា នៅលើផ្លូវ២៦ខ្សែ រាជធានីភ្នំពេញមានដើមឈើជាង ៥ម៉ឺនដើម ក្នុងនោះដើមឈើធំៗដែលមានអាយុកាលចាប់ពី១០០ឆ្នាំឡើងគឺមានរហូតដល់ទៅជាង៤០ភាគរយ

ដើមឈើទាំងអស់នេះ គេសង្កេតឃើញមាននៅលើផ្លូវលេខ១៧៤ ផ្លូវ១៥៨ ផ្លូវ៨១ ផ្លូវ១២៦ ផ្លូវលេខ៧០ និងតំបន់ជុំវិញមន្ទីរពេទ្យគន្ធបុប្ជា ផ្លូវត្រសក់ផ្អែម មហាវិថីព្រះសីហនុ មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តមមហាវិថីកម្ពុជាក្រោម រុក្ខវិថីក្រមួនស និងមហាវិថីម៉ៅសេទុង ជាដើម

ក្រៅពីនោះ ដើមឈើមួយចំនួនទៀតក៏អាចងាយស្រួលនឹងមើលឃើញនូវរមណីយដ្ឋានមួយចំនួននៅរាជធានីដែរ ជាពិសេសគឺនៅរមណីដ្ឋានប្រវត្តិសាស្រ្ត និងវប្បធម៌វត្តភ្នំ នៅតាមទីវត្តអារ៉ាម សាលារៀន គ្រឹះសា្ថនសាធារណៈ ជាដើម

ម៉្យាងទៀត ដើម្បីប្រែក្លាយរាជធានីឱ្យទៅជាកន្លែងដែលពោរពេញទៅដោយទេសភាពបៃតង រដ្ឋបាលរាជធានីភ្នំពេញក៏កំពុងតែយកចិត្តទុកដាក់ជំរុញឱ្យអាជ្ញាធរខណ្ឌនៅជាយរាជធានីបន្តពង្រីកទេសភាពបៃតងតាមរយៈការលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តដាំដើមឈើជាច្រើនប្រភេទបន្តទៀត

លោកស្រី ទេព សូដា ដែលជាអ្នកដំណើរឆ្លងកាត់ផ្លូវលេខ ២៤០ ជាវិថីមួយដែលមានលក្ខណៈពិសេសត្រង់មានដើមអំពិលចាស់ៗធំៗរាប់សិបដើមនៅសងខាងផ្លូវ បានឱ្យដឹងថា វាពិតជាមនោរម្យ និងមានអារម្មណ៍ស្រស់ស្រាយនៅពេលដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះម្តងៗ

លោកស្រីបានបញ្ជាក់ថា៖មិនដឹងជាយ៉ាងម៉េច ឱ្យតែមកដល់ផ្លូវនេះ ដូចជាមានអារម្មណ៍ប្លែកលោកស្រីបានបន្តដោយខ្លីៗថា ដូចជាលែងមានហើយផ្លូវដែលមានដើមអំពិលធំៗ នៅអមសងខាងផ្លូវនៅកណ្តាលរាជធានីដូចជាផ្លូវនេះ ពីមុនយើងធ្លាប់មានឃើញដូចជាផ្លូវមាត់ទន្លេ តែឥឡូវនេះ ដូចជាចាស់ៗហើយរលំបាក់បណ្តើរៗហើយ ប៉ុន្តែនៅតាមផ្លូវ២៤០ នេះ គឺនៅតែឃើញមាន

ចំណែកលោក ចាន់ គីមសេង ដែលកំពុងតែឈប់ចតរង់ចាំគ្រួសារចេញពីមន្ទីរពេទ្យភ្នែកអង្គឌួង បានថ្លែងថា នៅភ្នំពេញលោកចាប់អារម្មណ៍ជាងគេគឺ ផ្លូវក្រមួនស និងផ្លូវអង្គឌួង ដោយសារតែនៅចន្លោះផ្លូវនេះមានដើមគ្រាប់បែកធំៗ ប្លែក លោកបានបន្ថែមថា៖ដើររកទៅនៅរាជធានីភ្នំពេញ បើមានកន្លែងណាពិសេសដូចជាផ្លូវពីខ្សែនេះ

លោក ចាន់ គីមសេង ក៏មិនខុសពីលោកស្រី ទេព សូដា ដែរ ដែលបានបង្ហាញនូវអារម្មណ៍រីករាយនៅពេលដែលបានឃើញទិដ្ឋភាពដ៏ស្រស់ស្រាយ នៃសោភ័ណភាពបៃតងនៅតាមដងវិថី ដែលមានដើមឈើធំៗបែបនេះ

ជាទូទៅនៅរាជធានីភ្នំពេញបច្ចុប្បន្ននេះ ដើមឈើដែលត្រូវបានដាំ និងថែរក្សានៅតាមដងផ្លូវ មានច្រើនប្រភេទ ដូចជា ដើមគ្រាប់បែប គគីរ ផ្កាចំប៉ី ត្របែកព្រៃ ក្ងោក លឿងរាជ អំពិល។ល។ ហើយក្រៅពីដើមឈើលម្អទេសភាពតាមដងផ្លូវ គេក៏អាចនឹងទៅលំហែនៅតាមរមណីយដ្ឋានបៃតងមួយចំនួនទៀតដូចជានៅរមណីយដ្ឋានវត្តភ្នំ ដែលទីនោះមានដើមឈើជាច្រើន ប្រភេទ នៅសួនរង្វង់មូលជ្រោយចង្វាខណៈដែលដើមគគីរនៅទីនោះកំពុងតែធំធាត់ ផ្តល់ម្លប់ត្រឈឹងត្រឈៃ និងមានសួនបៃតងជីវចម្រុះសាធារណៈមួយចំនួនទៀតដែលអាជ្ញាធរមូលដ្ឋាន នៅជាយរាជធានីសកំពុងតែរៀបចំ

ដោយ ហេង បញ្ញា