គណៈប្រតិភូកម្ពុជាចូលរួមអន្តរកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីលើកទី១០ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (អាសិប) តាមរយៈប្រព័ន្ធវីដេអូ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ​២០២០–

កាលពីថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដែលត្រូវបានសម្របសម្រួលដោយលេខាធិការដ្ឋានអាស៊ាន និងដឹកនាំដោយ ឯកឧត្តម Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រធានអាស៊ានឆ្នាំ២០២០។

បើតាមការចុះផ្សាយរបស់​ក្រសួង​ពាណិជ្ជកម្មបានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុង​គោលបំណងដើម្បីពិនិត្យការអនុវត្តអាណត្តិដែលបានប្រគល់ដោយថ្នាក់ដឹកនាំ កាលពីកិច្ចប្រជុំកំពូលអាសិបលើកទី៣ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក កន្លងទៅ និងដោះស្រាយបញ្ហាសេសសល់ ដើម្បីឱ្យប្រទេសជាសមាជិកអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនេះក្នុងឆ្នាំ២០២០ នៅប្រទេសវៀតណាម។

ដោយពិនិត្យឃើញថា កិច្ចព្រមព្រៀងអាសិបទាំងមូលមានផលិតផលក្នុងស្រុកសរុបជិត ៤០ភាគរយ នៃផលិតផលក្នុងស្រុក ពិភពលោក ទីផ្សារអ្នកប្រើប្រាស់សរុបប្រមាណ ៣,៥ប៊ីលាន (ជិត៥០ភាគរយនៃប្រជាជនពិភពលោក) ទំហំពាណិជ្ជកម្មសរុបជិត ២៩ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក និងវិនិយោគផ្ទាល់ពិភពលោកហូរចូលមកក្នុងតំបន់អាសិបប្រមាណ២០ភាគរយ ការចរចាបញ្ចប់ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនេះ ត្រូវបានរំពឹងថា នឹងជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសចូលរួមចរចា និងតំបន់ទាំង មូល ពីផលប៉ះពាល់ធ្ងន់ធ្ងរបង្កឡើងដោយវិបត្តិនៃជំងឺកូវីដ-១៩។

នៅក្នុងនោះដែរ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃ ចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានដោះស្រាយបញ្ហាសេសសល់របស់ខ្លួនរួច រាល់អស់ហើយ និងបានបញ្ជាក់ពីជំហរគាំទ្រយ៉ាងពេញទំហឹងដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបក្នុងឆ្នាំ២០២០នេះ៕ ដោយ ទេស ច័ន្ទសុធារី