ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រ បានទទួលអំណោយពីរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០–

កាលពីថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋភិបាលចែកជូនចាស់ជរាគ្មានទីពឹង និងគ្រួសារក្រីក្រខ្វះខាតស្បៀងចំនួន១០គ្រួសារ ស្ថិតនៅឃុំ កំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួម ពីមន្ត្រីរាជការសាខាកាកបាទក្រហមកម្ពុជាខេត្តជាច្រើននាក់ផងដែរ។

លោកជំទាវ កែ ច័ន្ទមុនី បានលើកឡើងថា គ្រឿងឧបភោគបរិភោគ ដែលយកមកផ្តល់ជូននាពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងបានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ពិសេសមនុស្សចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ​មេរោគអេដស៍ជាដើម ។ ទោះបីជាអំណោយទាំងនេះមានតិចតួចក្តី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកបានមួយកម្រិតក្នុងកាលៈទេសៈប្រទេសជាតិកំពុងទទួលរងគ្រោះដោយជំងឺរាលត្បាតកូវីដ-១៩ នោះ។

លោកជំទាវបានឱ្យដឹងទៀតថា បើទោះជាតួលេខដែលបង្ហាញដោយក្រសួងសុខាភិបាល បានបញ្ជាក់ពីការថយចុះ និងការព្យាបាលជាបានជាច្រើនករណីយ៉ាងណាក្តី តែជំងឺនេះមិនទាន់ផុតរលត់ពីផែនដីនៅឡើយទេ។ រីឯវ៉ាក់សាំងការពារ ក៏ពុំទាន់មានការបញ្ជាក់យ៉ាងណានោះដែរ ។ ដូចនេះយើងត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ក្រុមគ្រួសារ និងរួមគ្នាបង្ការ ទប់ស្កាត់ជំងឺនេះ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល  និងវិធានការ សារាចរណែនាំជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវតំណាងរាស្ត្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាពការពារខ្លួនការពារជីវិតពីជំងឺកូវីដ-១៩ ត្រូវរក្សាអនាម័យ ដោយការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងរក្សាគម្លាតសុវត្ថិភាព តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល អំពីវិធានការការពារជីវិតពីជំងឺដ៏កាចសាហាវមួយនេះ។

ក្នុងឱកាសនោះលោកជំទាវ កែ ច័ន្ទមុនី និងក្រុមការងារអមដំណើរ បានផ្ដល់អំណោយ ជូនចាស់ជរាគ្មានទីពឹង និងគ្រួសារក្រីក្រខ្វះខាតស្បៀងទាំង១០គ្រួសារ ដោយក្នុងមួយគ្រួសារ ៗទទួលបាន អង្ករ២០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, សាប៊ូ២ដុំ, និងក្រមា១ ៕ ដោយ៖បៃ ស៊ីថុន