អភិបាលរងខេត្ត ទទួលសម្ភារសម្រាប់ផ្សព្វផ្សាយ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍

AKP បាត់ដំបង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០–

នៅរសៀលថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោកស្រី សុំ ចិន្តា អភិ    បាលរងខេត្តបាត់ដំបង និង ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំការជួញដូរមនុស្សខេត្ត បានទទួលសម្ភារផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) នៅសាលាខេត្តបាត់ដំបង ។

នៅក្នុងពិធីប្រគល់ និងទទួលនេះដែរ លោកស្រី សុំ ចិន្តា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ដែលចូលរួមជាមួយរដ្ឋបាលខេត្តបាត់ដំបងក្នុងផ្សព្វផ្សាយ ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នាពេលនេះ។

លោកស្រី អភិបាលរង បានបន្តទៀតថា ចំពោះសម្ភារទាំងអស់នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីយើងធ្វើការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។ បើទោះបច្ចុប្បន្នករណីជំងឺកូវីដ ១៩ មានសភាពធូរស្រាលបន្តិចមែន ប៉ុន្តែយើងមិនអាចធ្វើការធ្វេសប្រហែសបានឡើយ ពីព្រោះថា បច្ចុប្បន្នមានកើតឡើងករណីថ្មីអ្នកផ្ទុកជំងឺកូវីដ ១៩ ផងដែរ។

សូមជម្រាបជូនដែរថា សម្ភរៈដែលបានទទួលនាពេលនោះរួមមាន៖ ទឹកអាល់កុល ៣០ លីត្រ សាប៊ូ ២០០០ដុំ ម៉ាសពេទ្យ ៥០ប្រអប់ របាំងមុខ ៥០ ខិត្តប័ណ្ណ និង កូនសៀវភៅផ្សព្វ ផ្សាយជាច្រើន ផងដែរ៕ ដោយ៖ណយ នឿន (ប្រភពៈ រដ្ឋបាលខេត្តបាត់ដំបង)