ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធ បទល្មើសការជួញដូរភ្លុកដំរី និងបទល្មើសសត្វព្រៃ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០–

អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ សហការជាមួយអង្គការមូលនិធិសកលសម្រាប់អភិរក្សសត្វព្រៃ (WWF) បានបើកវគ្គ បណ្តុះបណ្តាលស្តីពី«ការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធបទល្មើសការជួញដូរភ្លុកដំរី និងបទល្មើសសត្វព្រៃ » ចាប់ពីថ្ងៃទី២២ដល់២៤ ខែមិថុនា ឆ្នំា២០២០ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន។

យោងលើអត្ថបទព័ត៌មាន ដែលផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលខាងលើនេះមានគោលបំណងសំខាន់ៗ ៖ ១.ពង្រឹងសមត្ថភាពមន្ត្រីអនុវត្តន៍ច្បាប់ឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីព្រៃឈើ លិខិតបទដ្ឋានគតិយុត្ត និងប្រកាសពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃខុសច្បាប់ ។

២.ពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់ពាក់ព័ន្ធ ការធ្វើពាណិជ្ជកម្ម ភ្លុកដំរីខុសច្បាប់ និងការជួញដូរសាច់សត្វព្រៃ ដោយមានគ្រូឧទ្ទេស មកពីអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ ព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងបុគ្គលិកជំនាញពីអង្គការ WCS ដែលនឹងធ្វើបទបង្ហាញនូវប្រធានបទចំនួន ១៦មេរៀន។

សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន សមាសភាពមកពីអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ រដ្ឋបាលព្រៃឈើ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី សរុបចំនួន ៤១នាក់ ៕ ដោយ៖ពេជ្រ ណារិទ្ធ