រដ្ឋបាលខេត្ត បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តកម្មវិធីគោលនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤

AKP មណ្ឌលគិរី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០–

នាព្រឹកថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋាន ដែលបានប្រព្រឹត្តទៅនៅអគារប្រជុំក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ។

ឯកឧត្តម ងី ច័ន្ទ្រផល បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ គឺជាការបំពេញភារកិច្ចដើម្បីគាំទ្រលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការពារសិទ្ធិ សេរីភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

ឯកឧត្តម បានលើកឡើងថា បញ្ហាប្រឈមដែលខេត្តមណ្ឌលគិរី ត្រូវដោះស្រាយមានចំនួន ៤ធំៗ គឺ៖ ទី១-បញ្ហាភាពអសកម្មរបស់មន្ត្រីចុះជួយមូលដ្ឋានដែលធ្វើឱ្យមានការថ្នាំងថ្នាក់រវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។ ទី២-ការបណ្តេញពលរដ្ឋចូលកាន់កាប់ដីក្នុងដែនការ ពារជម្រកសត្វព្រៃកែវសីមា និងភ្នំព្រេច ។ ទី៣-ករណីប្រជាពលរដ្ឋចំនួន ២០០គ្រួសារ បានធ្វើញត្តិស្នើសុំកាន់កាប់ដី ក្នុងស្រុកកែវសីមា។ ទី៤-បញ្ហាយឺតយ៉ាវក្នុងការចុះបញ្ជីដីស្រល់របស់រដ្ឋ ដីស្រល់របស់ក្រុមហ៊ុន និងដីស្រល់របស់ប្រជាពលរដ្ឋ ក្នុងស្រុកអូររាំង។

ឯកឧត្តម ងី ច័ន្រ្ទផល បានណែនាំដល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុកទាំង៥ និងថ្នាក់ខេត្ត រួមជាមួយនឹងមន្ទីរជំនាញ ត្រូវសហការដោះស្រាយបញ្ហាប្រឈមនានា អំពីសំណើ សំណូមពរដែលនៅសេសសល់ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្តបានផ្អាកការរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋមួយរយៈកន្លងមកហើយ ដោយសារការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ នៅដើមឆ្នាំ២០២០នេះ និងដើម្បីចូលរួមទប់ស្កាត់ការរីករាល់ដាលនៃជំងឺឆ្លងកូវីដ -១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម បញ្ជាក់ថា នៅពេលដែលស្ថានភាពជំងឺឆ្លងនេះមានភាពធូរស្រាល ក្រុមការងារថ្នាក់ខេត្ត រួមទាំងថ្នាក់ជាតិ នឹងបន្តចុះដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាបន្តទៀត៕ ដោយ៖ណយ នឿន(ប្រភពៈមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)