កិច្ចប្រជុំក្រុមការងារ ទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម ទាក់ទងនឹងការអប់រំបរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម ជួប ប៉ារីស អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន និង លោកស្រី ឡូរ៉ា ឈីស្មូន អនុប្រធានការិយាល័យ សន្តិសុខស្បៀង និងបរិស្ថាន នៃទីភ្នាក់ងារជំនួយអាម៉េរិក (USAID) ប្រចាំកម្ពុជា កាលពីថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម នៃគម្រោងអនាគតបៃតងកម្ពុជា USAID លើកទី២ នាទីស្តីការក្រសួង។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា កិច្ចប្រជុំខាងលើនេះ មានការចូលរួមពីសមាជិក មកពីពហុវិស័យដូចជា នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នៃក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK) នៃក្រសួងព័ត៌មាន អង្គការដៃគូដែលបានទទួលមូលនិធិពីទីភ្នាក់ងារជំនួយអាម៉េរិក (USAID) ផ្តោតលើការងារបរិស្ថាន អង្គការមិនមែនរដ្ឋាភិបាល និង វិស័យឯកជន។

ប្រភពខាងលើដដែលបញ្ជាក់ថា កិច្ចប្រជុំបានធ្វើបច្ចុប្បន្នភាពអំពីសមាសភាពសមាជិកក្រុមការងារ ការសិក្សាអំពីចំណេះដឹង ឥរិយាបថ និងការអនុវត្ត របាយការណ៍ពិនិត្យឡើងវិញ លើឯកសារមានស្រាប់ របាយការណ៍ប្រព័ន្ធទិន្និន័យក្រុមគោលដៅ និងការធ្វើផែនទីដៃគូពាក់ព័ន្ធ និងបានបង្ហាញរបាយការណ៍បឋម នៃការតាមដានប្រព័ន្ធផ្សព្វផ្សាយ។

កិច្ចប្រជុំ បានប្រព្រឹត្តទៅដោយមានការចូលរួមផ្តល់យោបល់ពីសមាជិក លើប្រធានបទនីមួយៗ ជាពិសេសចំពោះការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការសហការគ្នាលើកកម្ពស់ការយល់ដឹងឈានទៅរកការផ្លាស់ប្តូរឥរិយាបថ និងសកម្មភាពវិជ្ជមានឆ្ពោះទៅរកកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិប្រកបដោយចីរភាព ។

ប្រភពខាងលើបញ្ជាក់ថា គម្រោងអនាគតបៃតងកម្ពុជា USAID ដែលផ្តោតលើសកម្មភាពការងារអប់រំបរិស្ថាន មានរយៈពេល៥ឆ្នាំ (២០១៩-២០២៤) ដែលមានថវិកាសរុប ៥ លានដុល្លារអាម៉េរិក អនុវត្តន៍ដោយក្រុមហ៊ុន ECODIT និង អង្គការ FHI 360 ៕ ដោយ៖ពេជ្រ ណារិទ្ធ