កម្ពុជា​បន្ត​ទទួលបាន​ជំនួយ​ឧបត្ថម្ភ​បន្ថែម​ពី​មិត្ត​ចិន​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​

AKP ភ្នំពេញ ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០
ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បានប្រគល់​ជំនួយ​ឧបត្ថម្ភ​សម្ភារ​ការពារ​ជំងឺ​កូ​វីដ​-១៩​របស់​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដល់​ភាគី​កម្ពុជា ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​ការរីក​រាល់ដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​។ ការប្រគល់​សម្ភារ​ទាំង​នេះ​គឺធ្វើឡើង​នា​ទីស្តីការ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០​។ ដោយមាន​ការអញ្ជើញ​ចូលរួម​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា សម្ភារ​ដែល​មិត្ត​ចិន​បាន​ប្រគល់ជូន​ពេលនេះ ពិតជា​បញ្ជាក់​ឱ្យឃើញ​អំពី​ការយកចិត្តទុកដាក់ និង​គិតគូរ​មកដល់​ប្រទេស​កម្ពុជា​ដែលជា​មិត្ត ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ សម្តេច​ក្រឡាហោម ក៏បាន​អរគុណ​ចំពោះ​ភាគី​ចិន ដែល​តែងតែបាន​យកចិត្តទុកដាក់​ជួយ​ដល់​កម្ពុជា និង​ក្រសួងមហាផ្ទៃ​កម្ពុជា​តាម​គ្រប់​លទ្ធភាព​។ ទន្ទឹមនេះ សម្តេច​ក្រឡាហោម ក៏បាន​អបអរសាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ចិន ក្នុងការ​ប្រឹងប្រែង​ទទួលបាន​ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់​លើ​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។​

​ជាការ​ឆ្លើយតប ឯកឧត្តម វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា សម្ភារ​ប្រគល់ជូន​ក្រសួងមហាផ្ទៃ​នៅពេលនេះ ថ្វី ត្បិត​តែមាន​ចំនួន​មិន​ច្រើន ប៉ុន្តែ​ឯកឧត្តម​សូម​ឯកភាព​ចំពោះ​ប្រសាសន៍​លើកឡើង​របស់​សម្ដេច ដែលថា​ជំនួយ​សម្ភារ​ទាំងនេះ​បាន​ស្ដែង​ពី​ទឹកចិត្ត​របស់​ប្រជាជន​ចិន និង​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំពោះ​ប្រជាជន និង​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បា​នប​ន្ដ​ថា កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អនុវត្តន៍​ច្បាប់​រវាង​ប្រទេស​ទាំងពីរ ពិតជា​ទទួលបាន​នូវ​លទ្ធភាព​ល្អប្រសើរ ទោះបីជា​ប្រទេស​ទាំងពីរ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ យ៉ាងណាក៏ដោយ​។​

​សូមបញ្ជាក់ថា សម្ភារ​ការពារ​ជំងឺ​កូ​វីដ​-១៩ ដែល​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ប្រគល់ជូន​ក្រសួងមហាផ្ទៃ​កម្ពុជា​នាឱកាស​នេះ រួមមាន​៖ វ៉ែនតា​វេជ្ជសាស្ត្រ​ចំនួន​៥០០​ឈុត ស្រោមដៃ​ពេទ្យ​ចំនួន​១០,០០០​គូ ម៉ាស់​KN95​ចំនួន​១០,០០០​ម៉ាស់ ម៉ាស់​វេជ្ជសាស្ត្រ​ចំនួន​៥០,០០០​ម៉ាស់ និង​សម្លៀកបំពាក់​ការពារ​វេជ្ជសាស្ត្រ​ពេទ្យ​ចំនួន​៥០០​ឈុត​។ សម្រាប់​សម្ភារ​ទាំងនេះ​មានតម្លៃ​ប្រមាណ​៦​សែន​យ័ន ឬ​ស្មើនឹង​ប្រមាណ​៨​ម៉ឺន​៥​ពាន់​ដុល្លារ​អាម៉េរិក​៕​ដោយ ចាន់ សុធី​វង្ស​